(កណ្ដាល)៖ លោក នូវ ប៉េងច័ន្ទតារា អភិបាករងខេត្តកណ្ដាល បានថ្លែងកោតសរសើរដល់រដ្ឋលោកស្រុកលើកដែក ដែលបានអនុវត្តន៍នូវវិធានការណ៍ការពារកូវីដ១៩ និងរក្សាសណ្ដាប់ធ្នាប់សង្គម បានល្អប្រសើរ ដែលនេះសបញ្ជាក់ឱ្យឃើញពីតម្លៃនៃសន្តិភាព និងការគ្រប់គ្រងបានល្អនូវវិធានការណ៍កូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលរងខេត្ត បានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ភ្នំ១ខ្នង នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ។

លោក នូវ ប៉េងច័ន្ទតារា បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលទាំងអស់ និងរដ្ឋបាលស្រុកទាំងមូលដែលបានអនុវត្តការងារបានល្អប្រសើរនាពេលកន្លងមក។

លោកបន្តថា កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចូលរួមការពារសុខសន្តិភាពត្រូវមានឥរិយាបទទន់ភ្លន់ ជាមួយប្រជាពលរដ្ឋ ផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងត្រូវបន្តការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅក្នុងមូលដ្ឋានរបស់យើង រីឯរដ្ឋបាលទូទាំងស្រុកវិញ ក៏ត្រូវបំពេញការងារបម្រើពលរដ្ឋបានល្អប្រសើរផងដែរ។

លោក ចាបច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានថ្លែងថា ចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោកបានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។ ជាក់ស្ដែង ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ លោកចុះបានចំនួន៦លើក ស្មើនឹង៩គ្រួសារ មាន៤ឃុំ ដែលក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ អំបិល១គីឡូក្រាម និងមី១កេស ព្រមទាំងថវិកា៦០,០០០រៀល។

លោកបានបន្តទៀតថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ឃុំ បណ្ដាអង្គភាព សមត្ថកិច្ចចម្រុះបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួន ដើម្បីគ្រប់គ្រងសភាពការណ៍ ការងារសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសង្គម។ លទ្ធផលជារួម រក្សាបាននូវសុវត្ថិភាព បង្កបរិយាកាសសុខដុម ផ្ដល់ឱកាសជូនប្រជាពលរដ្ឋ បានរស់នៅមិនមានការភ័យខ្លាច៕