(បាត់ដំបង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្ដេចឪ, នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង បានអញ្ជើញទៅកាន់ទីតាំង ដែលមានគម្រោងជីកស្រះទឹកមួយកន្លែងស្ថិតនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង់។

ក្នុងឱកាសចុះបំពេញការងារនៅមូលដ្ឋាននេះ លោក គុយ សុផល បានអញ្ជើញពិនិត្យទីតាំងដើម្បីធ្វើការជីកស្រះទឹកមួយកន្លែង ដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តម របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានដល់ប្រជារាស្ត្រ ជាបងប្អូនកូនចៅរបស់ព្រះអង្គរស់នៅក្នុងមូលដ្ឋាននេះ។ ស្រះទឹកព្រះរាជអំណោយមួយកន្លែងនេះ មន្ត្រីក្រុមសម្ដេចឪ មានគម្រោងស្ថាបនានៅដើមខែមិថុនា ឆ្នាំ២០២០ ដែលមានទំហំ១០០ម៉ែត្រ គុណនឹង១០០ម៉ែត្រ និងជម្រៅប្រវែង៣ម៉ែត្រ។

គួរបញ្ជាក់ថា គម្រោងនៃការជីកស្រះទឹកមួយកន្លែងនេះ ត្រូវបានជីកស្តារនៅលើអាងទឹកបុរាណ ដែលមានឈ្មោះថា អាងព្រះស្រែធំ បានកសាងឡើង នៅក្នុងឆ្នាំ១៩៥៨ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺ ស្វាងបំផុតរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាស្ថាបនាជាតិ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ អាងព្រះស្រែធំនេះ មានទំហំបណ្ដោយ ៤០០ម៉ែត្រ និងទទឹង២២៥ម៉ែត្រ។

អាស្រ័យដោយអាងព្រះស្រែធំ មានសភាពគោករាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត ប្រោសព្រះរាជទាន សម្ដេចចៅហ្វាវាំង ចាត់ចែងមន្ត្រីក្រមសម្ដេចឪធ្វើការស្ថាបនា ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ដើម្បីជាឧត្តមប្រយោជន៍នៃការជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជារាស្ត្រ មានចំនួន៤ភូមិ ក្នុងឃុំស្នឹង ស្រុកបាណន់ មានការងាយស្រួលនៅក្នុងរដូវប្រាំង ដោយពុំចាំបាច់ដឹកជញ្ជូនទឹកពីទីឆ្ងាយមកទទួលទាន និងប្រើប្រាស់បម្រើក្នុងជីវភាពប្រចាំថ្ងៃ។

ប្រជារាស្ត្ររស់នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង សូមថ្លែងនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជទាន ព្រះរាជសមិទ្ធផលដ៏ឧត្តុងឧត្តមនេះ និងសូមបួងសួងដ៏គុណបុណ្យព្រះរតនៈត្រ័យ ព្រះតេជៈបារមីនៃវត្ថុសក្តិសិទ្ធិ គ្រប់ព្រះអង្គក្នុងលោក សូមព្រះអង្គជួយបីបាច់ថែរក្សា និងប្រោសព្រះទាននូវព្រះពរជ័យ សិរីមង្គលដ៏បវមហាប្រសើរថ្វាយ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែនឹងសិរីសួស្ដី ជ័យមង្គល ព្រះបរមសុខ គ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់សុខសាន្ត សម្បូរសប្បាយ ដល់កូនចៅ ចៅទូត របស់ព្រះអង្គជាដរាបតរៀងទៅ៕