(កំពង់ធំ)៖ ការតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ក្រសួងពាណិជ្ជកម្ម ក្នុងការបំពេញបន្ថែមនូវក្បាលម៉ាស៊ីន ដើម្បីជួយពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងដឹកនាំអង្គភាព សំដៅបម្រើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឆ្លើយតបគោលនយោបាយអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។ នេះជាការបញ្ជាក់របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ របស់លោក ហៀវ វណ្ណា ជំនួសលោក ស៊ុន ហេង ដែលចូលនិវត្តន៍ នៅសាលាខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ឈន់ ឈុន ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត តំណាងអាជ្ញាធរដែនដី ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធ រួមជាមួយវិស័យឯកជនជាច្រើននាក់ទៀត។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងក្នុងពិធីនោះថា ក្រសួងពាណិជ្ជកម្ម បានកំពុងអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ជាផែនទីបង្ហាញផ្លូវដែលមានភាពស៊ីចង្វាក់គ្នា និងប្រទាក់ក្រឡាជាមួយយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ និងគោលនយោបាយជាតិមួយចំនួនទៀត។ ទន្ទឹមគ្នានេះ ក្រសួងក៏កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងពិនិត្យលើការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីបម្រើ និងធានាការពារអត្ថប្រយោជន៍វិស័យជន និងសាធារណជន ជាពិសេសធ្វើទំនើបកម្មឱ្យឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ដើម្បីស្វែងរកទីផ្សារថ្មីៗបន្ថែមជូនវិស័យឯកជន ពិសេសបងប្អូន ផលិតករ សហគ្រិន និងប្រជាកសិករ ក្នុងការនាំចេញទំនិញ និងផលិតផល ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងចរចាយ៉ាងសកម្មទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ ថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារអន្តរក្រសួងក្នុងការចរចាយ៉ាងសកម្ម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន ហើយការចរចានេះនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។

លោកបន្តថា ចំពោះការបង្កើតកិច្ចព្រមព្រៀងជាមួយនឹងប្រទេសកូរ៉េ ក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងពាណិជ្ជកម្ម នឹងពិនិត្យបញ្ចប់ការសិក្សារួមលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-កូរ៉េ ហើយត្រៀមចាប់ផ្ដើមការចរចានៅខែកក្កដា ឆ្នាំ២០២០នេះផងដែរ។ ក្រៅពីនេះក្រសួងពាណិជ្ជកម្មក៏បានបង្កើតក្រុមការងារចរចា និងសិក្សាលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយដៃគូដទៃទៀត រួមមាន៖ សាធារណរដ្ឋកូរ៉េ ចក្រភពអង់គ្លេស សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ជប៉ុន ឥណ្ឌា ម៉ុងហ្គោលី និងសហរដ្ឋអាមេរិក។

ក្នុងឱកាសនោះលោក ប៉ាន សូរស័ក្តិ ក៏បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួនដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ អនុសាសន៍គន្លឹះនោះ រួមមាន៖
ទី១៖ បន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ថ្មីៗ។
ទី២៖ ត្រូវចិត្តទុកបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម និងសម្រួលដល់ការនាំចេញ។
ទី៣៖ បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាសេវាសាធារណៈក្រៅផ្លូវការពីផលិតករ អាជីវករ។
ទី៤៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ស្នើសុំគ្រប់ស្ថាប័នទាំងអស់ ចូលរួមផ្សព្វផ្សាយ អំពីការការពារជំងឺនេះ ដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យកាន់តែទូលំទូលាយ៕