(ភ្នំពេញ)៖ របាយការណ៍របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២នេះ បានបញ្ជាក់ថា ការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២០ សម្រេចបាន ៣៥៦,០៩៧តោន កើនឡើងប្រមាណ ១០៥,៩២៥តោន ស្មើនឹង៤២.៣៤% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ២៥០,១៧២ តោន។

របាយការណ៍បន្តថា សម្រាប់ខែឧសភា ឆ្នាំ២០២០នេះ ការនាំចេញអង្ករសម្រេចបានចំនួន ៥៥,៨៤៥តោន កើនឡើងចំនួន ១៩,៤៣៦តោនស្មើនឹង ៥៣.៣០% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៥១,៦៨៣តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៣,៥៧៨ តោន និងអង្ករចំហ៊ុយមានចំនួន៥៨៤តោន។

ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល៥ខែនេះ មានចំនួន៥៤ប្រទេស៖ នៅក្នុងសហភាពអឺរ៉ុបមានប្រទេសចំនួន២៤ ក្នុងចំណោម២៨ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន៦ ហើយនិងនៅទ្វីបដទៃទៀតចំនួន២៣ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៤៩ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។

សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអឺរ៉ុបកើនចំនួន ៥១.១០%, ប្រទេសចិនកើនចំនួន២៥.២៦%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន៤៥.៣៩%, និងគោលដៅដទៃទៀតបានកើនឡើងចំនួន៧៩.៤០%៕