(ពោធិ៍សាត់)៖ ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកក្នុងដើមរដូវវស្សានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជំនាញ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានចុះទៅពិនិត្យ វឌ្ឍនភាព នៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ ស្ថិតក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

តាមរបាយការណ៍ពីក្រុមការងារបច្ចេកទេស នៅពេលចុះពិនិត្យ បានឲ្យដឹងថា ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រខាងលើនេះ ទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB បានចាប់ផ្តើមក្នុងខែឧសភា ឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះ គឺសម្រេចបានប្រមាណ ៨០ភាគរយ លើផែនការកំណត់។

ក្រោយពេលសាងសង់រួចប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំ មានលទ្ធភាពធានាដល់ការស្រោចស្រព លើផ្ទៃដីស្រូវវស្សាប្រមាណ ១៦,១០០ហិកតា និងស្រូវប្រាំង ៤,៥០០ហិកតា ព្រមទាំងផ្ដល់ទឹកសម្រាប់ការប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ឲ្យមានទឹកប្រើខួបប្រាំង ខួបវស្សា ផងដែរ។

ក្មុងឱកាសចុះពិនិត្យជាក់ស្តែងនេះ រដ្ឋមន្រ្តី លឹម គានហោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារ ដែលសម្រេចតាមផែនការគ្រោងទុក ក្រោមកិច្ចសហការល្អប្រសើររវាងក្រុមការងារអនុវត្តគម្រោង មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។

រដ្ឋមន្រ្តីក្រសួងធនធានទឹក ក៏បានណែនាំបន្ថែមលើការងារដែលត្រូវបញ្ចប់ ដើម្បីធានាគុណភាពសំណង់ខាងលើ បានប្រើប្រាស់យូរអង្វែងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត៕