(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បានក្រើនរំលឹកក្រុមការងារការងារចុះធ្វើបច្ចុប្បន្នភាពជនមានជីវភាពក្រីក្រនៅក្នុងខេត្តឧត្តរមានជ័យ ត្រូវធ្វើឡើងដោយសុក្រិតភាព តម្លាភាព ហើយឱ្យបានទាន់ពេលវេលា ដើម្បីរាជរដ្ឋាភិបាលផ្តល់ជំនួយឧបត្ថម្ភទ្រទ្រង់ដល់ជីវភាពរបស់ពួកគេ។

ការក្រើនរំលឹករបស់លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយក្រុមការងារចុះកំណត់អត្តសញ្ញាណជនក្រីក្រក្នុងខេត្តឧត្តរមានជ័យនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ បានចេញសេចក្តីណែនាំទៅកាន់ក្រុមការងារថ្នាក់ជាតិទាំងអស់ឱ្យចុះស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពកំណត់អត្តសញ្ញាណគ្រួសារក្រីក្រអំឡុងពេលកូវីដ១៩។ ការស្រាវជ្រាវកំណត់អត្តសញ្ញាណជនក្រីក្រនេះ ដឹកនាំដោយក្រសួងផែនការ ឱ្យបានចប់សព្វគ្រប់នៅដំណាច់ខែឧសភា ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០នេះ។ ការស្រាវជ្រាវកំណត់អត្តសញ្ញាណជនក្រីក្រនេះធ្វើឡើង ដើម្បីរាជរដ្ឋាភិបាលផ្តល់ការគាំពារដល់ជីវភាពរបស់ពួកគេ ដែលកំពុងជួបការខ្វះខាត។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រោយពេលទទួលបានការណែនាំរបស់រាជរដ្ឋាភិបាលក្រុមការងារដឹកនាំដោយមន្ត្រីក្រសួងផែនការ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ហើយមកដល់ថ្ងៃទី២៩ ខែឧសភា រកឃើញអ្នកមានជីវភាពក្រីក្រនេះប្រមាណ ៣៥៤នាក់។ ក្រុមការងារ បាននិងកំពុងប្រឹងប្រែងចុះសម្ភាសន៍ជាមួយប្រជាពលរដ្ឋថែមទៀត ធ្វើយ៉ាងណាឱ្យបានចប់តាមពេលកំណត់របស់រាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំជាមួយក្រុមការងារនៅថ្ងៃនេះ លោក គន់ គីម បានដាស់តឿនដល់ក្រុមការងារឱ្យពន្លឿនការងារស្រាវជ្រាវ ហើយត្រូវធ្វើឡើងដោយសុក្រិតភាពបំផុត។ លោក បានគូសបញ្ជាក់ថា «ការងារនេះយើងត្រូវធ្វើដោយល្អិតល្អន់ និងត្រឹមត្រូវបំផុត គឺត្រូវរកឱ្យឃើញអ្នកមានជីវភាពខ្វះខាតពិតប្រាកដ ដើម្បីរាជរដ្ឋាភិបាលជួយពួកគាត់ចំគោលដៅ។ ត្រូវចៀសវាងការធ្វើរបាយការណ៍ ឬកំណត់អត្តសញ្ញាណមិនត្រឹមត្រូវ ដោយដាក់តែសាច់ញាតិ ឬអ្នកស្គាល់គ្នា ដើម្បីបានជំនួយពីរាជរដ្ឋាភិបាលនោះឡើយ»

ដើម្បីធានាបាននូវសុក្រិតភាពនៅថ្ងៃដដែលនេះ លោក គន់ គីម បានដឹកនាំក្រុមការងារមានតំណាងមន្ត្រីពីមន្ទីរផែនការ និងអាជ្ញារធរមូលដ្ឋាន ចុះទៅភូមិគគីក្រោម ឃុំអូគគី ស្រុកអន្លង់វែង ពិនិត្យ និងអនុវត្តជាក់ស្តែងក្នុងការវាយតម្លៃការកំនត់អត្តសញ្ញាណកម្មជនក្រីក្រ ដោយប្រើវិធីសាស្រ្តផ្ទៀងផ្ទាត់ជាក់ស្តែង តាមលក្ខណៈបច្ចេកទេស។

លោកឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានប្រគល់ជូននូវអំណោយជាក្រមា ត្រីខ អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ប៊ីចេង និង ស្កសរ ព្រមទាំងថវិកាមួយចំនួនជូនដល់គ្រួសារក្រីក្រទាំងនោះផងដែរ៕