(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ដែលកំពុងបោះជំហានយ៉ាងលឿនក្នុងវិស័យហិរញ្ញវត្ថុ​ និង​ធនាគារនៅ​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា​នេះ បាន​ចុះ​អនុស្សារណៈ​​នៃ​ការ​យោគយល់​គ្នា​​ជាមួយ​ក្រុមហ៊ុនចំនួន៦បន្ថែមទៀត លើ​ភាព​ជា​ដៃគូពាណិជ្ជកម្ម​សម្រាប់​សេវាកម្ម​​ប្រាក់​​បៀវត្សសរុបជាង១០០០០គណនី​។

លោក ហុង សុខឡេង អគ្គនាយករងជាន់ខ្ពស់ធនាគារ ជីប ម៉ុង ​បានបញ្ជាក់​ថា សេវា​បើក​​ប្រាក់​បៀវត្ស ធនាគារ ជីប ម៉ុង បានផ្តល់​ជូន​អត្ថប្រយោជន៍​យ៉ាងច្រើន​​សម្រាប់ទាំងម្ចាស់ពាណិជ្ជកម្ម និង​​បុគ្គលិក​​របស់​ក្រុមហ៊ុន។

លោក សុខឡេង បន្ថែមថា អត្ថប្រយោជន៍ទាំងអស់នោះរួមមាន​ ​​រាល់ព័ត៌មាន​អំពី​ប្រាក់​​បៀវត្ស​​​របស់​បុគ្គលិក ដែល​បាន​ជ្រើស​រើស​បើក​តាម​រយៈ​ធនាគារ​ ជីប ម៉ុង ត្រូវបានរក្សាជាការ​សម្ងាត់ ​ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់​២​​ភាគរយក្នុងមួយឆ្នាំលើគណនី​ប្រា​ក់​បៀវត្ស​ និង​អាច​ទទួល​បាន​​អាទិភាពក្នុងការ​ស្នើសុំប្រាក់កម្ចីកាន់តែ​ងាយស្រួល និងឆាប់រហ័ស ព្រម​ទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ជា​ច្រើន​ទៀត។

វត្តមានក្នុងទីផ្សារហិរញ្ញវត្ថុ និង​ធនាគារ​រយៈ​ពេលពីរ​ឆ្នាំកន្លងមកនេះ​ ធនាគារ​ ជីប ម៉ុង បាន​អភិវឌ្ឍ​នូវ​​សេវាកម្ម​ធនាគារ​សំខាន់ៗ ដែល​រាល់ផលិតផល​នីមួយៗ​ត្រូវរចនា​សមស្រប និង​តម្រូវតាម​អតិថិជន ​រួម​មាន​​ កម្ចី​ផ្ទាល់​ខ្លួន​ សេវា​ធនាគារ​​តាម​ប្រព័ន្ធឌីជីថល ​ឥណទាន​​​ពាណិជ្ជកម្ម​ និងភ្នាក់​ងារធនាគារ ជីង ប៉ុង។

លោកឧកញ៉ា លាង ម៉េង ប្រធាន​ក្រុម​អគ្គនា​យក ជីប ម៉ុង និងជាអគ្គនាយកស្តីទី​ធនាគារ ជីប ម៉ុង បាន​មាន​ប្រសាសន៍ថា «តាម​រយៈការចាប់​ដៃគូជា​មួយធនាគារ ជីប ម៉ុង ដៃគូពាណិជ្ជកម្ម​របស់យើង​មិន​ត្រឹម​តែ​ទទួល​បានអត្ថប្រយោជន៍យ៉ាង​សម្បួរបែប​ពីធនាគារ ជីប ម៉ុងតែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទាំង​អាច​ក្លាយជា​ដៃគូ​ពាណិជ្ជកម្មយ៉ាងសម្បួរបែប​សម្រាប់​ពាណិជ្ជកម្ម​ផ្សេងទៀតរបស់ ជីប ម៉ុង ផង​ដែរ។

រហូតមកដល់បច្ចុប្បនេះ ធនាគា ជីប ម៉ុង មាន​សាខាចំនួន៧ ដែល​កំពុង​ប្រតិបត្តិការ និង​គ្រោងពង្រីក​ចំនួនច្រើន​​សាខាបន្ថែមទៀត ភ្នាក់ងារ​ធនាគារ​គ្រោងនឹងពង្រីកឲ្យ​បាន៥០០ទី​តាំង កម្មវិធីទូរស័ព្ទ Bank! Bank! និងម៉ាស៊ីន​ដកប្រាក់ជាច្រើនកន្លែងទៀត៕