(ភ្នំពេញ)៖ ស្របពេលដែលប្រទេសកម្ពុជា កំពុងតែជួបវិបត្ដិកូវីដ-១៩ លោកស្រី អុីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រង នៃធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានបេ្ដជ្ញាចិត្ដថា នឹងជួយកម្ពុជា ក្នុងការជួយដោះស្រាយឲ្យមានប្រសិទ្ធភាពជាមួយវិបត្តិនេះ និងពង្រឹងសេដ្ឋកិច្ចកម្ពុជាឲ្យឆាប់ងើបឡើងវិញ។

ការប្ដេជ្ញារបស់ប្រធាន World Bank ប្រចាំកម្ពុជារូបនេះ ធ្វើឡើងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកមានចំណងជើងថា «ធនាគារពិភពលោក៖ ការអភិវឌ្ឍរបស់កម្ពុជាក្នុងពេល៣០ឆ្នាំមកនេះ កំពុងរងការគំរាមកំហែងខ្លាំងបំផុត ពីការរាតត្បាតជំងឺកូវីដ១៩» ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

លោកស្រី អុីនហ្គូណា ដូប្រាចា បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា «វិបត្តិជាសកលដែលបង្កដោយការរាលដាលនៃជំងឺកូវីដ-១៩នេះ បានធ្វើឲ្យមានការប៉ះទង្គិចយ៉ាងដំណំមកលើសេដ្ឋកិច្ច របស់កម្ពុជាក្នុងឆ្នាំ២០២០»

លោកស្រីបានបន្ថែមទៀតថា «ធនាគារពិភពលោកប្តេជ្ញាចិត្តថា នឹងជួយកម្ពុជា ក្នុងការជួយដោះស្រាយឲ្យមានប្រសិទ្ធភាពជាមួយវិបត្តិកូវីដ-១៩នេះ និងក្នុងការពង្រឹងសេដ្ឋកិច្ច ឲ្យឆាប់ងើបឡើងវិញ និងមានភាពធន់នាពេលអនាគត»

ធនាគារពិភពលោកបានលើកឡើងថា ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំ ទៅលើក្បាលម៉ាស៊ីនសំខាន់ៗ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមាន វិស័យទេសចរណ៍, ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឱ្យជាង ៧០ភាគរយ នៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃប្រមាណជា ៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។

ដោយសារមូលហេតុនេះ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថា នឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង -១ និង -២,៩ ភាគរយ តាមការឱ្យដឹងពីរបាយការណ៍ «កម្ពុជានៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ-១៩»។

ធនាគារនេះបានកត់ស្គាល់ទៀតថា នៅក្នុងស្ថានភាពនេះ ភាពក្រីក្រក្នុងឆ្នាំ២០២០ អាចនឹងកើនឡើងពី៣ ទៅ១១ភាគរយ ដែលខ្ពស់ជាងកម្រិតនៅខ្សែបន្ទាត់គោល ឬនិយាយបានម៉្យាងទៀតថា កម្រិតនៅពេលដែលគ្មានជំងឺកូវីដ-១៩ ពិសេសក្នុងចំណោមក្រុមគ្រួសារ ដែលពាក់ព័ន្ធជាមួយវិស័យសំខាន់ៗ មានវិស័យទេសចរណ៍, សំណង់, ពាណិជ្ជកម្ម, ឧស្សាហកម្មផលិត, និងឧស្សាហកម្មកាត់ដេរ ប្រសិនបើពួកគេបាត់បង់ចំណូលអស់ ៥០ភាគរយ សម្រាប់រយៈពេលប្រាំមួយខែជាប់គ្នា។

ជាមួយគ្នានេះ ឱនភាពសារពើពន្ធនឹងមានកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងកំឡុងពេល ២២ឆ្នាំ កន្លងមក៕