(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា បញ្ជាក់ឲ្យដឹងថា គ្រប់គ្រឹះស្ថានធនាគារទាំងអស់នៅកម្ពុជា នៅតែបន្តទទួលប្រាក់ដុល្លារប្រភេទ ១$ ២$ និង ៥$ ក្នុងតម្លៃប្រើប្រាស់ដូចធម្មតា។

ការបញ្ជាក់ពីជំហររួមរបស់គ្រឹះស្ថានធនាគារនៅកម្ពុជា ពីសំណាក់លោកបណ្ឌិត អ៉ិន ចាន់នី ធ្វើឡើងបន្ទាប់ពីនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាលើបញ្ហាការទទួលយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ។

លោកបណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់យ៉ាងដូច្នេះថា «សូមបញ្ជាក់ថាក្រដាសប្រាក់ ១$ ២$ និង ៥$ នៅរសៀលនេះ សមាគមធនាគារបានប្រជុំពិភាក្សាគ្នា យើងនៅតែបន្តទទួល ព្រោះវានៅមានតម្លៃរបស់វាដូចការប្រើប្រាស់ធម្មតា នេះជាជំហររបស់សមាគមធនាគារ។ យើងលើកទឹកចិត្តឲ្យប្រជាជន ប្រើប្រាស់ប្រាក់រៀល ដើម្បីសម្រួលដល់ការទូទាត់ យើងលើកទឹកចិត្តឲ្យគាត់ប្តូរ ក្រដាសប្រាក់ ១$ ២$ និង ៥$ ទៅជាប្រាក់រៀលដើម្បីស្រួលប្រើប្រាស់»

ជាមួយគ្នានេះ លោកបណ្ឌិតបញ្ជាក់ថា សមាគមធនាគារនៅកម្ពុជា សូមចូលរួម និងគាំទ្រគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

សូមជម្រាបថា នៅរសៀលថ្ងៃទី២៩ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានចេញមកបញ្ជាក់ និងផ្ញើសារជូនប្រជាពលរដ្ឋទាំងអស់ថា ក្រដាសប្រាក់ដុល្លារ អាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា ហើយមិនមានការកាត់ទឹកអ្វីទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការយ៉ាងដូច្នេះថា «ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យបានជ្រាបបន្ថែមលើការប្រកាសរបស់នាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនឲ្យចាយ ដូចពាក្យចចាមអារាមនោះទេ»

ក្នុងករណីប្រសិន បើមានការបញ្ឈប់ឲ្យចរាចរណ៍ចាយលុយក្រដាស់ប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជាមិនខាន។ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹកឬកាត់ផុកអ្វីទាំងអស់។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ បនិងចៀសផុតពីជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា»។ នេះជាបញ្ជាក់បន្ថែមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយបញ្ជាក់យ៉ាងច្បាស់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចាយបានដូចធម្មតានៅលើទីផ្សារ មិនមានការហាមឃាត់នោះទេ ប៉ុន្តែនៅពេលខាងមុខធនាគារជាតិនៃកម្ពុជា នឹងផ្អាកការទទួលយកក្រដាសប្រាក់ ដុល្លារអាមេរិកទាំងនេះពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតែប៉ុណ្ណោះ៕