(ព្រះសីហនុ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ត្រូវបានប្រគល់ជូនកាកបាទក្រហមខេត្ដព្រះសីហនុ ដើម្បីប្រើប្រាស់តាមតម្រូវការ និងបម្រើផលប្រយោជន៍សង្គម។

អំណោយនេះ ត្រូវបានលោក ឃៀង សុជីវ័ន្ត តំណាងលោកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកស្រី ឧកញ៉ា គៀន ស្រីនាង និងក្រុមការងារ ប្រគល់ជូនលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈកម្មការកាកបាទក្រហមខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។

អំណោយទាំងអស់នោះរួមមាន អង្ករ១០តោន, មីជាតិ ១០០កេសធំ, ទឹកអាកុល ៣០០លីត្រ និងថវិកា ៤០,០០០,០០០រៀល សរុបជាទឹកប្រាក់ប្រមាណ ៨២,៨០០,០០០រៀល។

ថ្លែងក្នុងឱកាសនេះដែរ អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកស្រី ដែលតែងតែចូលរួមសហការ និងឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល តាមរយៈការចុះជួយអាជ្ញាធរមូលដ្ឋានជាប់ជាប្រចាំ៕