(កំពង់ធំ)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកស្រី នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្ស ធម៌សាខាកាកបាទក្រហមខេត្តកំពង់ធំ ចុះចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជនចាស់ជរាចំនួន ៣៦១គ្រួសារ នៅទីតាំង៣ផ្សេងគ្នារួមមាន៖ វត្តក្តីចារ្តិ៍ វត្តបាគង និងវត្តស្លែង ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោក សុខ លូ បានពាំនាំការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោក តែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់ណាម្នាក់អត់ស្បៀងស្លាប់នោះទេ គឺត្រូវធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។

លោកបានបញ្ជាក់ទៀតថា អំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានរយ:ពេលខ្លី ហើយប្រសិនបើមានការខ្វះខាត ឬបញ្ហាផ្សេងៗត្រូវផ្តល់ ដំណឹងមកមេឃុំ ឬសមាជិកភូមិ ឃុំ ដើម្បីមានវិធានការឆ្លើយតបបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។

ម្យ៉ាងទៀតការនាំយកអំណោយចែកជូនចាស់ជរាទីទ័លក្រ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនាពេលនេះដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ អ្វីនោះឡើយ គឺជួយក្នុងនាមមនុស្សធម៌ និងជាវប្បធម៌នៃការចែករំលែកបានទាន់ពេលវេលាមិនទុកឱ្យពួកគាត់ខ្វះខាតដាច់ស្បៀងឡើយ។

លោក សុខ លូ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងអស់ កុំធ្វេសប្រហែសពីជំងឺកូវីដ១៩នេះឱ្យសោះដ្បិតតែជំងឺឆ្លងនេះក្នុងប្រទេសកម្ពុជាបានថមថយយ៉ាងណាក៏ដោយក៏ត្រូវ បន្តចូល រួមទប់ស្កាត់ ការរឆ្លងរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ ជៀសវាងកើតឡើងរលកទី២ នៃជំងឺដ៏កាចសាហាវនេះ។

ជាមួយគ្នានោះដែរ លោក សុខ លូ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមខិតខំស្វែងយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះដើម្បីការពារ អាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសារ ជាពិសេសកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ និងខិតអប់រំកូនចៅឱ្យជៀសឱ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើមាននរណាម្នាក់ៗ សង្ស័យពាក់ព័ន្ធបញ្ហាគ្រឿងញៀន សូមរាយការណ៍ទៅអាជ្ញាធរ ភូមិ-ឃុំ ដើម្បីយកពួកគាត់ទៅបន្សាបឬក៏ព្យាបាល និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត លោកតាលោកយាយជនចាស់ជរា ជួបការលំបាក ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី ១យួរ មី ១កេស សាប៊ូ ១ដុំ និងច្រាសដុសចំនួន១៕