(ភ្នំពេញ)៖ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានប្រគល់ថវិកាចំនួន២០ម៉ឺនដុលា្លរ និងសម្ភារ សម្រាប់ប្រើប្រាស់ ក្នុងការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ១៩ ជូនដល់ក្រសួងសុខាភិបាល។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅទីស្ដីការក្រសួង ក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ជាមួយលោក PARK Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា អមដំណើរដោយ លោក RHO Hyun-Jun នាយកប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្ដិការ សម្រាប់ការអភិវឌ្ឍន៍អន្ដរជាតិកូរ៉េ (KOICA)។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េនៅពេលនេះ សបញ្ជាក់ពីចំណងមិត្ដភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្ដិការ ក្នុងភាពជាដៃគូ កម្ពុជា-កូរ៉េ កាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ជាពិសេស ក្នុងស្ថានក្នុងស្ថានភាពដ៏លំបាកនាពេលបច្ចុប្បន្ន ក្នុងការធ្វើសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ១៩ផង និងដើម្បីបន្ដនិរន្ដភាពសង្គម សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល។

ជាមួយគ្នានោះដែរ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ តែងតែជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ឯកអគ្គរដ្ឋទូត និងលោកប្រធានអង្គការ KOICA ដែលតែងតែសម្របសម្រួល សហការយ៉ាងល្អជាមួយក្រសួងសុខាភិបាល ក្នុងការជំរុញឱ្យទទួលបាន នូវជំនួយហិរញ្ញប្បទានសហប្រតិបត្ដិការ ក្នុងវិស័យសុខាភិបាល។

សូមជម្រាបថា ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានផ្ដល់ជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ត្រូវបានផ្ដល់ជូន រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ថវិកាចំនួន ២០០,០០០ដុល្លារ និងកញ្ចប់តេស្ដរកវីរុសកូវីដ១៩ មួយចំនួន គិតជាទឹកប្រាក់ ប្រមាណ១០០,០០០ដុល្លារផងដែរ៕