(កំពង់ចាម)៖ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកងកិត្តិយស និងបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីថ្មីជំនាន់ទី១ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តឱ្យមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បន្តដោះស្រាយលើសំណុំរឿងកកស្ទះ ខណៈស្ថាប័នអយ្យការ មានសំណុំរឿងកកស្ទះរាប់ពាន់ករណី។

លោកអភិបាលខេត្ត បានថ្លែងថា សំណុំរឿងដែលបានកកស្ទះនៅក្នុងស្ថាប័នតុលាការ មានជាច្រើនករណី ដោយការកកស្ទះនេះ មិនត្រឹមតែក្នុងខេត្តកំពង់ចាមទេ សូម្បីតែនៅក្នុងស្ថាប័នតុលាការខេត្តផ្សេង ក៏មានករណីស្រដៀងគ្នានេះដែរ គឺដោយសារតែខ្វះការបញ្ជាក់បន្ថែមពីនគរបាលយុត្តិធម៌។

លោក អ៊ុន ចាន់ដា បានបន្តថា កាលនៅសេសសល់សំណុំរឿងច្រើននេះ លោកសូមលើកទឹកចិត្តជាស្មារតី ដល់មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើយ៉ាងណារួមគ្នាសហការគ្នាដោះស្រាយករណីសំណុំរឿងកកស្ទះនេះឱ្យបានឆាប់រហ័ស។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៏បានថ្លែងណែនាំដល់មន្ត្រីនគរបាលទាំងអស់ ឱ្យបន្តលើការងារយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ១៩ ថ្វីត្បិតតែខណៈពេលនេះរលកទី១ បានស្ងប់ស្ងាត់ទៅហើយក្តី ប៉ុន្តែសមត្ថកិច្ចនៅតែបន្តអនុវត្ត ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការ ទប់ស្កាត់ ចៀសវាងការឆ្លងជំងឺកូវីដ១៩ នៅក្នុងរលកទី២៕