(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចាប់ដៃគូ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការទទួលបាន សេវាកម្មហិរញ្ញវត្ថុ ដល់សហគ្រាសធុនតូច និងមធ្យម និងកសិពាណិជ្ជកម្មនៅកម្ពុជា។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នឹងអាចធ្វើការទូទាត់ការសងប្រាក់កម្ចី តាមរយៈភ្នាក់ងារវីងជាង៧៥០០កន្លែង នៅទូទាំងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះផងដែរ ពួកគេអាចជ្រើសរើសការផ្ទេរប្រាក់ភ្លាមៗ ពីគណនីវីងរបស់ពួកគេ ឬប្រើលេខកូដ USSD Code *989# តាមរយៈទូរស័ព្ទចល័ត បានគ្រប់ពេលវេលា។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានថ្លែងថា «ភាពជាដៃគូនេះ គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការគាំទ្រសហគ្រាស ធុនតូច និងមធ្យម និងកសិពាណិជ្ជកម្មនៅកម្ពុជា ដើម្បីផ្តល់នូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ប្រកបដោយភាពងាយស្រួល។ បច្ចុប្បន្ននេះ ទោះបីជាលោកអ្នក នៅតាមបណ្តាខេត្តដាច់ស្រយាលក្តី លោកអ្នកក៏នៅតែអាចទទួលបានការគាំទ្រពីយើង តាមរយៈប្រព័ន្ធហិរញ្ញវត្ថុរបស់វីងផងដែរ»។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៨ ក្នុងគោលបំណងបំពេញកង្វះខាត រវាងតម្រូវការ និងការផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុ នៅតាមតំបន់ជនបទ និងដើម្បីរួមចំណែកកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ ប្រតិបត្តិការរបស់ធនាគារនេះ គឺស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថិតនៅក្រោមការត្រួតពិនិត្យ របស់ធនាគារជាតិនៃកម្ពុជា។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក នៃធនាគារឯកទេសវីង បានថ្លែងថា «យើងជឿជាក់ថា ភាពជាដៃគូរបស់យើងនេះ នឹងអនុញ្ញាតឲ្យយើងបម្រើសេវាផ្ទេរប្រាក់ចម្រុះ និង ការសងប្រាក់កម្ចី របស់សហគ្រាសធុនតូច និងមធ្យម និងកសិពាណិជ្ជកម្មនៅកម្ពុជា ប្រកបដោយសុវត្ថិភាព មានការធានា និងឆាប់រហ័ស។ វានឹងជួយឲ្យពួកគេផ្តោត ការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ពួកគេ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា»។

ប្រទេសកម្ពុជា ជាប្រទេសដែលមានសហគ្រាសធុនតូច និងមធ្យមប្រមាណជាង ៥០០,០០០ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច តាមរយៈការបង្កើតការងារ បង្កើតប្រាក់ចំណូលសម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលទាប ជំរុញស្ថិរភាពសង្គម និងការរីកចម្រើននៃវិស័យឯកជន ឲ្យកាន់តែមានភាពរឹងមាំ។

ទាំងធនាគារឯកទេសវីង និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានចែករំលែកនូវចក្ខុវិស័យ ស្តីពីការផ្តល់ភាពងាយស្រួល ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ដល់សហគមន៍ ដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែប្រសើរ។ វីងបានបង្កើតម៉ាកយីហោរបស់ខ្លួន ក្នុងនាមជាធនាគារដែលផ្តល់សេវាកម្មផ្ទេរប្រាក់ ប្រកបដោយសុវត្ថិភាព មានការធានា និងឆាប់រហ័សតាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ទំនើប និងបណ្តាញភ្នាក់ងារវីង ប្រកបដោយជំនាញវិជ្ជាជីវៈ នៅទូទាំងប្រទេស។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រូវបានទទួលស្គាល់ ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាជនកម្ពុជា តាមជនបទ តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុដល់សហគ្រាស សហគ្រាសធុនតូច និងមធ្យម និងអង្គការកសិកម្ម ដើម្បីចូលរួមចំណែក ដល់កំណើនសេដ្ឋកិច្ចកម្ពុជា៕