(ភ្នំពេញ)៖ ដើម្បីសុវត្ថិភាព និងចៀសផុតពីការពុលអាហារ រួមទាំងការបង្ការការការ ទប់ស្កាត់ ជំងឺកូវីដ១៩ មន្ត្រីការិយាល័យសុវត្ថិភាពចំណីអាហារ នៃក្រសួងសុខាភិបាល ដឹកនាំដោយលោកវិជ្ជបណ្ឌិត ប៊ុន ណារ៉ន បានចុះពិនិត្យអនាម័យ និងសុវត្ថិភាពចំណីអាហារ ជាពិសេស ការរក្សាគម្លាត នៅតាមភោជនីយដ្ឋាន នៅរាជធានីភ្នំពេញ។

សកម្មភាពចុះត្រួតពិនិត្យរបស់មន្ដ្រីសុខាភិបាល នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានធ្វើឡើងនៅភោជនីយដ្ឋានចំនួន៣ទីតាំង នៅរាជធានីភ្នំពេញ គឺនៅទួឡេហ្សូស៍ (Tous Les Jours) ទីតាំងផ្សារថ្មី, ឡូតេរៀ (Lotteria) និងនៅ ដឹអេស៊ាន ឃីដឆេន (The ASIAN Kitchen) នាសូរិយាម៉ល ជាលទ្ធផល ភោជនីយដ្ឋានទាំងលើនេះ បានអនុវត្តវិធានការអនាម័យ និងសុវត្ថិភាពចំណីអាហារ បានល្អប្រសើរតាមគោលការណ៍របស់ក្រសួងសុខាភិបាល។

លោកវិជ្ជបណ្ឌិត ប៊ុន ណារ៉ន បានឲ្យដឹងថា ការចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តន៍ (Spot check) អនាម័យ និងសុវត្ថិភាពចំណីអាហារនៅភោជនីយដ្ឋាន ក្រសួងចុះពិនិត្យស្ទើររាល់ថ្ងៃ ហើយស្អែកនេះ ក៏នៅតែបន្ដចុះអប់រំណែនាំដល់ម្ចាស់ និងបុគ្គលិក នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ចំណីអាហារទាំងអស់ ឱ្យអនុវត្ដឱ្យបានខ្ជាប់ខ្ជួនទៅតាមសារណែនាំរបស់ក្រសួងសុខាភិបាល។

ជាពិសេស ដើម្បីសុវត្ថិភាព និងចៀសផុតពីការពុលចំណីអាហារ រួមទាំងការការពារពីការចម្លងនូវជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃ ក្រសួងសុខាភិបាល បានបន្តទ្វេដងចុះអប់រំដល់ម្ចាស់ និងអ្នកបំពេញប្រកបអាជីកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងលក់ចំណីអាហារក្នុងរាជធានីភ្នំពេញ តាមគោលការណ៍ណែនាំរបស់នាយកដ្ឋានដូចជា៖

*អ្នកលក់អាហារ ត្រូវលាងដៃជាមួយសាប៊ូ ឬអាកុល ឬជែល តាមក្បួនអនាម័យជាប្រចាំ និងត្រូវពាក់ម៉ាសការពារ។
*ត្រូវមានអាកុល ឬជែល ដែលមានបិតលទបត្រត្រឹមត្រូវពីក្រសួងសុខាភិបាល សម្រាប់ទុកឱ្យភ្ញៀវលាងដៃ
*ករណីបុគ្គលិក បម្រើការងារមានជំងឺ ដូចជា ក្អក ផ្ដាសាយ ក្ដៅខ្លួន ឬរាក ត្រូវសំរាកពីការងារ ឬត្រូវពិភាក្សាជាមួយគ្រូពេទ្យ ត្រូវរក្សាអនាម័យជាប្រចាំ រក្សាគម្លាតសុវត្ថិភាព (ចម្ងាយពី ១.៥ម៉ែត្រ) សម្រាប់ភ្ញៀវពីម្នាក់ទៅម្នាក់ជាដើម៕