(តាកែវ)៖ បន្ទាប់ពីមានការចុះផ្សាយពាក់ព័ន្ធទៅនឹងសំណង់អនាធិបតេយ្យខុសច្បាប់ ដែលសង់លើដីស្ទឹងតាកែវមួយកន្លែង ស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ, នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ លោក ម៉ឺង វុធី អភិបាលរងខេត្តតាកែវ និងអភិបាលក្រុងដូនកែវ បានចុះពិនិត្យ និងផ្អាកសំណង់គ្រឹះថ្មបេតុង ដែលសង់រំលោភចូលដីស្ទឹងនេះ។

នៅក្នុងការចុះផ្អាកសកម្មភាពសំណង់ខុសច្បាប់ លោកអភិបាលរងខេត្ត បានធ្វើការណែនាំដល់ម្ចាស់សំណង់ឱ្យបញ្ឈប់ការសាងសង់ និងត្រូវគោរពតាមគោលការណ៍ណែនាំរបស់អាជ្ញាធរ ខេត្តក្រុង ហើយបើនៅតែបន្តសាងសង់អាជ្ញាធនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់។

លោកបានថ្លែងថា «ពេលនេះយើងគ្រាន់តែហាមសាងសង់បន្តត ហេីយប្រគល់ឲ្យអាជ្ញាធក្រុងតាមដានបន្តបេីនៅតែសាងសង់ គឺត្រូវដកហូតសម្ភារ នឹងត្រូវអនុវត្តតាមច្បាប់»

ក្រុមប្រជាពលរដ្ឋនៅក្បែនោះ រង់ចាំមើលថា តើអាជ្ញាធរអាចហាមឃាត់សំណង់ខុសច្បាប់បានដែលឬទេ បើម្ចាស់សំណង់អាងអំណាចកូនជាមន្រ្តីអាវុធហត្ថខេត្តតាកែវហើយមានកូនចៅម្នាក់កាន់ខាងសំណង់នៅសាលាខេត្តទៀតផង។

គួរបញ្ជាក់ថា សំណង់អនាធិបតេយ្យ និងគ្មានច្បាប់មួយកន្លែងដែលសង់លើដីបឹងរបស់រដ្ឋ ដែលស្ថិតនៅភូមិ១សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ជារបស់ម្ដាយក្មេកមន្រ្តីកងរាជអាវុធខេត្តតាកែវម្នាក់ឈ្មោះ ដួង សុខឿន កំពុងតែសាងសង់យ៉ាងរលូន បើទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋនៅក្បែនោះ និងត្រូវអាជ្ញាធរក្រុងចុះទៅហាមឃាត់ពីរបីដងយ៉ាងណា ក៏នៅតែមិនស្ដាប់តាមការណែនាំនោះទេ ដោយអាងអំណាចខ្លួនជាមន្រ្តីជាន់ខ្ពស់របស់កងរាជអាវុធហត្ថខេត្តតាកែវ។

លោកឧត្តមសេនីយ៍ ឡា ឡៃ មេបញ្ជការកងរាជអាវុធហត្ថកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងថា ប្រសិនបើមានលិខិតពីក្រុង ឬខេត្តថា មន្រ្តីរបស់លោករំលោភដីរបស់រដ្ឋប្រាកដមែន លោកនឹងមានចំណាត់ការជាក់ជាពុំខាន។

លោកថ្លែងថា «ខ្ញុំនឹងចាត់ការតាមផ្លូវច្បាប់មិនថាស័ក្កិប៉ុន្មាន ឲ្យតែមន្រ្តីអាវុធហត្ថស្ថិតក្រោមឱវាទ»។

គួរបញ្ជាក់ផងដែរថា មន្រ្តីកងរាជអាវុធហត្ថខេត្កតាកែវលោក ដួង សុខឿន កន្លងមកក៏ត្រូវបានបណ្ដាញផ្សព្វផ្សាយមួយចំនួនបានផ្សាយថា បានសាងសង់ភោជនីយដ្ឋានរំលោភយកដីបឹងតាកែវផងដែរ ដោយអាងអំណាចទឹកលុយ និងអាងខ្លួនជាមន្រ្តីអាវុធហត្ថខេត្តតាកែវដែលមិនមានអ្នកណាហ៊ានប៉ះពាល់ខ្លួន៕