(បន្ទាយមានជ័យ)៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានចេញលិខិតបដិសេធ ដោយមិនអនុញ្ញាតឲ្យអាជីវករ អ្នកលក់ដូរទំនិញ នៅក្នុងផ្សាររោងក្លឿ ធ្វើបាតុកម្មទាមទារ បើកច្រកព្រំដែនប៉ោយប៉ែតនោះឡើយ ដោយមូលហេតុដើម្បីការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់អភិបាលខេត្ត ដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែឧសភានេះ។

ការបដិសេធនេះបានធ្វើឡើងតបនឹងការស្នើសូមរបស់ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រទេស ដែលបានជូនដំណឹងពីការប៉ងប្រមូលផ្តុំអាជីវករ អ្នកលក់ដូរទំនិញ នៅក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ រួមទាំងកម្មករអូសរទេះ អ្នករត់ម៉ូតូឌុប អ្នករត់តាក់ស៊ី អ្នករត់ម៉ូតូកង់បី និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ប្រមាណ១៥០០នាក់ គ្រោងនឹងជួបជុំធ្វើបាតុកម្មនៅចំណុច ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់ពីថ្ងៃទី០១-០៧ ខែមិថុនា ឆ្នាំ២០២០ ។

ការធ្វើបាតុកម្មនេះ ដើម្បីទាមទារឲ្យថៃបើកព្រំដែន ហើយអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចេញចូល និងទៅលក់ដូរនៅផ្សាររោងក្លឿ ជាប់ព្រំដែនប៉ោយប៉ែតឡើងវិញ៕