(ស៊ីរី)៖ ក្រុមឧទ្ទាម ISIS បានបង្កើតនូវកម្មវិធីមួយដែលមានឈ្មោះថា Alrawi ដែលប្រើប្រាស់នៅលើ​ប្រព័ន្ធ​ដំណើរការ Android OS ដោយកម្មវិធីនេះ បង្កើតឡើងក្នុងគោលដៅ សម្រាប់ទំនាក់ទំនងគ្នា ហើយវាមិនមែន​ប្រើ​ តែក្រុម ISIS ប៉ុណ្ណោះទេ វាត្រូវបានក្រុមភេរវករផ្សេងៗប្រើផងដែរ នេះបើយោងតាមការបញ្ជាក់ពីក្រុម Hacker អនាមិក GhostSec បានថ្លែងប្រាប់សារព័ត៌មាន Newsweek នៅថ្ងៃសុក្រ ទី១៥ ខែមករា។

តំណាងក្រុម GhostSec បានបញ្ជាក់ថា ក្រុម ISIS បានដាក់ឲ្យប្រើប្រាស់កម្មវិធី Alrawi ប្រហែលជាជាង ១ខែមុន ហើយអ្វីដែលជាចំណុចពិសេស នៅក្នុងកម្មវិធីនោះ គឺវាអាចធ្វើការបំប្លែងសារ (Encrypted) ដែល​មិន​អាច​ឲ្យ​ជនសាមញ្ញមើលដឹងនោះទេ។

ក្រៅពីកម្មវិធី Alrawi ក្រុម ISIS ក៏បានបង្កើតកម្មវិធីមួយទៀតផងដែរថា ដែលមានឈ្មោះថា Amaq Agency ដែល​ទុកសម្រាប់ធ្វើការកៀរគរ និងផ្ដល់ព័ត៌មានដល់សមាជិកក្រុមភេរវករ។

គួរបញ្ជាក់ផងដែរថា នៅមុននេះ ក្រុម ISIS បានប្រើប្រាស់កម្មវិធី​ និងបណ្ដាញសង្គមដូចជា Twitter, Telegram, Instagram ជាដើម សម្រាប់ទាក់ទងគ្នា៕