(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) តាមរយៈកម្មវិធីអាហារូបរណ៍របស់មជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាល (ACE) នឹងផ្តល់អាហារូបករណ៍សិក្សាភាសាអង់គ្លេសតាមប្រព័ន្ធអេឡិចត្រូនិកពីចម្ងាយ (virtual classes) ដល់សិស្សថ្នាក់ទី១២តាមបណ្តាខេត្តក្រុងនានា។

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃសាលា ACE និងស្ថាប័ន IDP Education បានចុះហត្ថលេខាលើអនុស្សរណៈ ក្នុងការផ្តល់អាហារូបករណ៍ចំនួន២០០០កន្លែងដល់សិស្សានុសិស្ស ត្រៀមប្រលងសញ្ញាប័ត្រទុតិយភូមិក្នុងឆ្នាំនេះ ដើម្បីរៀនបំប៉នភាសាអង់គ្លេសពីចម្ងាយជាមួយសាលា ACE។

អាហារូបករណ៍សិក្សាភាសាអង់គ្លេសតាមប្រព័ន្ធអេឡិចត្រូនិក គឺជាផ្នែកមួយនៃកិច្ចការសង្គមរបស់សាលា ACE ដើម្បីគាំទ្រនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តផ្តល់នូវការអប់រំដល់សិស្សានុសិស្សទូទាំងប្រទេស តាមរយៈកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកពីចម្ងាយ អំឡុងពេលនៃការទប់ស្កាត់ការឆ្លងនូវមេរោគកូវីដ១៩។

សាលា ACE ដែលបង្កើតឡើងដោយស្ថាប័ន IDP Education នៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២ ធ្លាប់បានទទួលនាមជាសាលាភាសា ដែលល្អជាងគេបំផុតទាំងបួនលើសាកលលោក នៅក្នុងកម្មវិធីពានរង្វាន់នៅក្រុងឡុងដ៏នៃចក្រភពអង់គ្លេសកាលពីឆ្នាំ២០១៨។

សាលានេះ មានប្រាំមួយសាខានៅកម្ពុជា និងសិស្សនិស្សិតចំនួន២៥,០០០ នាក់។ សាលា ACE បានប្តូរវិធីសាស្ត្រពីការបង្រៀនក្នុងថ្នាក់ ទៅជាការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក ពីចម្ងាយជាមួយគ្រូបង្រៀនផ្ទាល់ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងមានប្រសិទ្ធិភាព។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា រួមជាមួយនឹងការគាំទ្រយ៉ាងសកម្មពីសំណាក់ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងខិតខំប្រឹងប្រែងបន្តផ្តល់ជូនសិស្សានុសិស្សទូទាំងប្រទេស នូវការអប់រំដែលមានគុណភាព និងប្រសិទ្ធិភាព ខណៈដែលការរក្សាឱ្យបាននូវសុវត្ថិភាពរបស់សិស្សានុសិស្ស និងសហគមន៍ជាអត្ថិភាពខ្ពស់បំផុត។ កម្មវិធីអាហារូបករណ៍សិក្សាពីចម្ងាយរបស់សាលាACEនេះ គឺជាឧទាហរណ៍មួយដែលបញ្ជាក់ភាពឆ្នៃប្រឌិត ដែលអាចធ្វើបានក្នុងវិស័យអប់រំតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។

លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលមានវត្តមាននៅពិធីចុះហត្ថលេខាលើអនុស្សរណៈបានថ្លែងថា៖ «ប្រទេសអូស្ត្រាលី មានប្រវត្តិផ្តល់ជំនួយដល់វិស័យអប់រំនៅកម្ពុជា តាំងពីយូរណាស់មកហើយ រួមទាំងក្នុងអំឡុងពេលដ៏លំបាកនេះ។ ខ្ញុំមានក្តីរីករាយ និងការសរសើរដល់ស្ថាប័នរបស់ប្រទេសអូស្ត្រាលី ដូចជាសាលា ACE ដែលបានកែសំរួលវិធីសាស្ត្របង្រៀន សម្របទៅនឹងកាលៈទេសៈបច្ចុប្បន្ន ដើម្បីបន្តផ្តល់នូវការបណ្តុះបណ្តាលភាសាអង់គ្លេស ដែលមានគុណភាពដល់សិស្ស និស្សិតក្នុងប្រទេសកម្ពុជា»

លោក ម៉ៅ ស្រេង បានលើកឡើងថា «អាហារូបករណ៍សិក្សាភាសាអង់គ្លេសតាមប្រព័ន្ធអេឡិចត្រូនិក ពីចម្ងាយនឹងជួយជាប្រយោជន៍ពង្រឹងសមត្ថភាពភាសាអង់គ្លេស និងឱកាសទទួលបានលទ្ធផលប្រសើរលើមុខវិជ្ជាភាសាអង់គ្លេស ក្នុងការប្រលងសញ្ញាប័ត្រទុតិយភូមិខាងមុខនេះ»

យោងតាមប្រសាសន៍របស់លោក Ashley Irving ចាងហ្វាងសាលា ACE សិស្សថ្នាក់ទី១២ ឆ្នាំសិក្សា ២០១៩-២០២០ អាចដាក់ពាក្យសុំអាហារូបករណ៍តាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី០២ រហូតដល់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

បេក្ខជនដែលទទួលបានអាហារូបករណ៍ទាំង ២០០០នាក់ នឹងចាប់ផ្តើមវគ្គសិក្សាចាប់ពីចុងខែមិថុនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕

ដើម្បីដាក់ពាក្យអាហារូបករណ៍ ឫព័ត៌មានបន្ថែម៖ ០១២ ៣៩២ ៧៧៦ / ០១០ ៩០៣ ៩៨៧ ឫ acecambodia.org/scholarship!