(ភ្នំពេញ)៖ គម្រោង The Bridge ដែលជាគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយនៅចំកណ្តាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការណ៍បង្ការនានា ដើម្បីធានាថា ទីតាំងរបស់ខ្លួនមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា ស្របពេលដែលវីរុសកូរ៉ូណា រាតត្បាតកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោក។

គម្រោង The Bridge បានសហការជាមួយក្រុមហ៊ុន EnviroCam ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HCC Group Co., Ltd ដែលជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារកម្ពុជា ក្នុងវិស័យសេវាកម្មបរិស្ថាន ប្រកបដោយវិជ្ជាជីវៈខ្ពស់សម្រាប់ការបាញ់ថ្នាំកំចាត់មេរោគនៅទីតាំងផ្សេងៗនៃអាគារ។

វិធានការណ៍នេះ គឺមានគោលបំណងការពារការរីករាលដាលនៃមេរោគកូរ៉ូណា (COVID-19) និងធ្វើឱ្យអគារមានសុវត្ថិភាពសម្រាប់បុគ្គលិកធ្វើការ អ្នកស្នាក់នៅ និងក្រុមអ្នកមកទស្សនាគម្រោង។

គម្រោង The Bridge មានទីតាំងស្ថិតនៅក្នុងតំបន់សំខាន់មួយ ដែលមានមន្ទីរការិយាល័យរដ្ឋាភិបាល ហាងលក់រាយភោជនីយដ្ឋាន កន្លែងកំសាន្ត ក្លឹបកីឡា ស្ថានទូត ផ្សារលក់ទំនិញ ធនាគារ មជ្ឈមណ្ឌលសន្និបាតនិងសាលពិព័រណ៍កោះពេជ្រ សាលាក្រុងភ្នំពេញ ផ្សារទំនើបអ៊ីអនម៉ល ១ និងមានកន្លែងសំខាន់ៗជាច្រើនទៀត ដែលស្ថិតនៅមិនឆ្ងាយទាល់តែសោះ។

គម្រោង The Bridge កម្ពស់៤៥ជាន់ មានចំនួនពីរអគារ ដោយមានជាខុនដូ/អាផាតមិន និងអគារសូហូ(មានការិយាល័យធ្វើការ និងស្នាក់នៅជាមួយគ្នា) សរុបចំនួន៩៦៣ យូនីត និងខុនដូ ៧៦២យូនីត ។ទាំងនេះត្រូវបានបំពេញបន្ថែមដោយហាងលក់រាយចំនួន ៤៧៥ និងហាងលក់ទំនិញ៣២កន្លែង ។

ការអភិវឌ្ឍនេះ ក៏រួមបញ្ចូលផងដែរនូវផ្សារទំនើប The Bridge Lifestyle Mall ដែលជាទិសដៅទិញឥវ៉ាន់លំដាប់ខ្ពស់មួយទៀត។ ភោជនីយដ្ឋាន Collins Cambodia ដែលជាភោជនីយដ្ឋានដ៏មានប្រជាប្រិយភាព ក៏មានទីតាំងស្ថិតនៅក្នុងបរិវេណរបស់គម្រោងនេះដែរ។

អ្នករស់នៅក្នុង The Bridge មានសិទ្ធិចូលទៅកាន់អាងហែលទឹកមួយកន្លែង សួនកុមារ កន្លែងហាត់ប្រាណជាលក្ខណៈក្រុមគ្រួសារ សាលមុខងារ និងសេវាកម្មផ្សេងៗទៀតជាច្រើន។ ពីចំណុចកំពូលរបស់អគារ ក៏មានទេសភាពដ៏ល្អឥតខ្ចោះនៃជើងមេឃក្រុង ភ្នំពេញ ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។
ក្រៅពីជាកន្លែងស្នាក់នៅដ៏ប្រណិត The Bridge ក៏ត្រូវបានគេចាត់ទុកថាជាឱកាសវិនិយោគដ៏សំខាន់មួយផងដែរ។

សូមជម្រាបថា គម្រោង The Bridge ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន WorldBridge Land និងក្រុមហ៊ុន Oxley Holdings របស់ប្រទេសសិង្ហបុរី៕