(ភ្នំពេញ)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញនូវអ្វីដែលជាសមិទ្ធផល និងទិសដៅការងាររបស់រដ្ឋបាលខេត្ត ដែលក្រោមការដឹកនាំរបស់លោក។

អភិបាលខេត្តកណ្ដាលរូបនេះ បានអះអាងថា GDP របស់ខេត្តនាឆ្នាំ២០១៨ មានប្រមាណ៩,៤៩៤,៧៩៥ លានរៀល គិតជាដុល្លារប្រហែល ២,៣៤៤លានដុល្លារ។ GDP ក្នុងមនុស្សម្នាក់ មាន១,៨៦០ដុល្លារ កើនឡើង៧.៧០% ធៀបនឹងឆ្នាំ២០១៧។ ក្នុងនោះ អត្រាភាពក្រីក្រថយចុះមកត្រឹម ៥.៣៣% នាឆ្នាំ២០១៨ ដែលស្របទៅនឹងគោលដៅកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលឲ្យស្ថិតនៅក្នុងអត្រាទាបជាង ១០%។ កំណើនសេដ្ឋកិច្ច ទទួលបានពីវិស័យកសិកម្មមាន ៣៨,៧% ឧស្សាហកម្ម ៣៤.២% សេវាកម្ម ២៧.១%។

*វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កសិកម្ម ជាវិស័យស្នូលបានចូលរួមក្នុងសេដ្ឋកិច្ចខេត្តកណ្តាល ច្រើនជាងគេគឺ ៣៨.៧% ក្នុងនោះ ឆ្នាំ២០១៩ លើផ្ទៃដីធ្វើស្រូវរដូវវស្សា និងប្រាំងចំនួន៩០,២១៩ហិកតា ទទួលបានបរិមាណផលចំនួន ៣៤៩,១០៥តោន ដែលជាមធ្យមទទួលបានចំនួនទិន្នផល ៣,២៦៣តោន ក្នុង១ហិកតា (កើនឡើង ១,៦២ %)។ បរិមាណស្រូវលើសពីតម្រូវការចំនួន ២៦,៦០៥តោន។

*វិស័យពាណិជ្ជកម្ម៖ ពីឆ្នាំ២០១៩ ដល់ខែឧសភា ឆ្នាំ២០២០ មន្ទីរបានចេញលិខិតអនុញ្ញាតប្រកបអាជីរកម្ម និងសេវាកម្មផ្សេងៗ សរុបចំនួន ២,៨៧២ច្បាប់ (កើនចំនួន៧៧៧ច្បាប់ បើធៀបនឹងឆ្នាំ២០១៨)។

*វិស័យការងារ រោងចក្រកាត់ដេរ និងស្បែកជើង៖ ខេត្តកណ្តាលមាន រោងចក្រផលិតសម្លៀកបំពាក់ និងស្បែកជើង ចំនួន១៦៤រោងចក្រ អាចស្រូបទាញ កម្លាំងពលកម្មបានចំនួន ១៤៣,៧៦១នាក់ (ស្រី១២២,២៨៥នាក់) ហើយកម្មករ-និយោជិត ជាមធ្យម ទទួលបានប្រាក់ចំណូល ២៤៦ដុល្លារ ក្នុង១ខែ, កម្មករ-និយោជិតសរុប ទទួលបានប្រាក់ចំណូល ៣៥,៣៦៥,២០៦ ដុល្លារ ក្នុង១ខែ និងក្នុងមួយឆ្នាំអាចទទួលបានប្រាក់ចំណូលសរុប ៤២៤,៣៨២,៤៧៨ដុល្លារ។

*វិស័យទេសចរណ៍៖ ភ្ញៀវទេសចរមកស្នាក់នៅ និងកម្សាន្តនៅក្នុងខេត្តមានចំនួន២,៣៦៩,៣៧៤នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២,៣៥៧,០៦៣នាក់ ប្រៀបធៀបនឹងឆ្នាំ២០១៨ (២,៨១៩,១៦៣នាក់) គឺមានអត្រាថយចុះ ១៦.៣៩% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១២,៣១១នាក់ ប្រៀបធៀបនឹងឆ្នាំ២០១៨ (១៦,១៣៦នាក់) គឺមានអត្រាថយចុះ ២៣.៧០%។

*វិស័យរ៉ែ និងថាមពល៖ ក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយអគ្គិសនី (រដ្ឋ និងឯកជន) ចំនួន៦២ក្រុមហ៊ុន, មានអាជ្ញាប័ណ្ណអគ្គិសនី ១,០១០ភូមិ ស្មើនឹង១០០% និងមានបណ្ដាញអគ្គិសនី គ្របដណ្ដប់លើភូមិ ១,០០៨ភូមិ ស្មើនឹង៩៩.៨០%។ បានតបណ្តាញអគ្គិសនីតាមខ្នងផ្ទះជូនកម្មករ កម្មការនី បានសរុបចំនួន ៧០៥ ខ្នងផ្ទះ និងបន្ទប់ជួលសរុបចំនួន ១០,៣៥៦បន្ទប់ ដែលមានតម្លៃ ៦១០រៀល/មួយគីឡូវ៉ាត់ម៉ោង។

*វិស័យអប់រំ យុវជន និងកីឡា៖ នៅឆ្នាំ២០១៩ ចំនួនគ្រឹះស្ថានសិក្សាសាធារណៈ មាន៧៥២សាលា ធៀបឆ្នាំចាស់ កើន៤សាលា ក្នុងនោះ មត្តេយ្យសិក្សាមាន២៣៩ កើន៥, បឋមសិក្សា ៣៧៣ ថយ១សាលា, អនុវិទ្យាល័យ ១០១ ថយ១សាលា, វិទ្យាល័យ ៣៩ កើន១សាលា, សិស្សសរុប ២៥៤,៩៥៧នាក់ កើន ៣,៦០៧នាក់ និងគ្រូចំនួន ៩,១៤៦នាក់ កើន២៨នាក់។

*វិស័យសុខាភិបាល៖ ខេត្តកណ្តាលមានស្រុកប្រតិបត្តិ ចំនួន១០ មន្ទីរពេទ្យបង្អែក១១ (កម្រិត៣ មាន១ កម្រិត២មាន៣ និងកម្រិត១ មាន៧) មណ្ឌលសុខភាព១០៣ និងប៉ុស្តិសុខភាព២ មានគ្រែអ្នកជំងឺចំនួន ៧០២គ្រែ មានបុគ្គលិពេទ្យសរុបចំនួន ១,៤៤៦នាក់។

*ការងារគ្រប់គ្រងដីធ្លី៖ ក្នុងឆ្នាំ២០១៩-២០២០ ករណីបណ្ដឹងដីធ្លីដែលរដ្ឋបាលខេត្ត ទទួលបាន សរុប១៧១ករណី ក្នុងនោះ រដ្ឋបាលខេត្ត បានដោះស្រាយបញ្ចប់ ករណីវិវាទដីធ្លីធំៗបាន ២១ករណី និង១៥០ករណីទៀត បានបែងចែកប្រគល់ជូនក្រុមការងាររដ្ឋបាលខេត្ត មន្ទីរ និងរដ្ឋបាលក្រុង ស្រុក ដោះស្រាយបន្ត។ ការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ គឺផែនការចុះបញ្ជីឆ្នាំ២០២០ ចំនួន៦៥,០០០ ក្បាលដី។ មកដល់ខែឧសភា ឆ្នាំ២០២០នេះ អនុវត្តបាន២០,៤៤៥ក្បាលដី ប្រហែល៣១%។

ក្រៅពីនេះ លោក គង់ សោភ័ណ្ឌ បានប្តេជ្ញាថា នឹងខិតខំបន្តអនុវត្តនូវគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ដែលបានរួមចំណែកដ៏ធំធេង ក្នុងការរក្សាបាននូវសន្តិសុខស្ថេរភាពនយោបាយ និងសង្គម និងបង្កើនគុណភាព នៃការផ្តល់សេវាប្រកបដោយគណនេយ្យភាព តម្លាភាព មានការអភិវឌ្ឍប្រកបដោយចីរភាព បង្កើតបាននូវបុរេលក្ខខណ្ឌចាំបាច់ និងបរិស្ថានអនុគ្រោះ សម្រាប់ការប្រែក្លាយខ្លួនឲ្យទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕