(ភ្នំពេញ)៖ ក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ២០២០ អង្គការសុខភាពពិភពលោកបានចេញផ្សាយអត្ថបទស្ដីពី ការការពារយុវជនពីកលល្បិចរបស់ឧស្សាហកម្មថ្នាំជក់ និងបង្ការយុវជនកុំឱ្យប្រើប្រាស់ថ្នាំជក់ និងសារធាតុនីកូទីន ដោយបានបកអាក្រាតពីកលល្បិចមួយចំនួន ដែលបាននិងកំពុងអូសទាញឱ្យប្រជាពលរដ្ឋញៀនក្នុងការប្រើប្រាស់។

កលល្បិចឧស្សាហកម្មថ្នាំជក់ មានដូចជាការប្រើប្រាស់រសជាតិ ដើម្បីទាក់ទាញយុវជន យុទ្ធនាការផ្សព្វផ្សាយថាផលិតផលថ្នាំជក់របស់ខ្លួនថាជាផលិតផលកាត់បន្ថយគ្រោះថ្នាក់ ឬមានអនាម័យជាងបារីធម្មតា ដោយគ្មានការបញ្ជាក់លក្ខណៈវិទ្យាសាស្រ្ត ឧបត្ថម្ភដល់តារា ឬជនមានឥទ្ធិពល និងការឧបត្ថម្ភកម្មវិធីប្រកួតម៉ាកផលិតផលដែលផ្សព្វផ្សាយផលិតផលថ្នាំជក់ និងផលិតផលនីកូទីន លក់បារីរាយក្នុងមួយដើមៗដែលធ្វើឱ្យបារីមានតម្លៃទាប និងងាយស្រួលសម្រាប់សិស្សានុសិ្សទិញផលិតផលថ្នាំជក់ និងផលិតផលនីកូទីនបាន ព្រមទាំងស្វែងរកទីផ្សារផលិតផលថ្នាំជក់ដោយប្រយោល តាមរយៈខ្សែភាពយន្ត កម្មវិធីទូរទស្សន៍ កម្មវិធីផ្សាយផ្ទាល់តាមអ៉ីនធើណេតជាដើម។

គួរបញ្ជាក់ថា តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវពីការវិនិយោគលើការត្រួតពិនិត្យថ្នាំជក់នៅកម្ពុជា ឆ្នាំ២០១៩ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក និងលេខាធិការដ្ឋាននៃអនុសញ្ញាស្ដីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ បានឱ្យដឹងថា ការប្រើប្រាស់ផលិតផលថ្នាំជក់ធ្វើឱ្យប្រជាជនកម្ពុជាចំនួន ១៥,០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំដែល ៣៣% នៃអ្នកស្លាប់ទាំងអស់កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់បណ្តាលឱ្យខាតបង់ទឹកប្រាក់ចំនួន ៦៤៩ លានដុល្លារអាមេរិក ដែលស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។

កលល្បិចរបស់ឧស្សាហកម្មថ្នាំជក់ជាទង្វើល្មើសច្បាប់ ដូចនេះរាជរដ្ឋាភិបាលគួរតែចាត់វិធានការយ៉ាងតឹងរឹងចំពោះការអនុវត្តច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយធ្វើការផាកពិន័យចំពោះការប្រព្រឹត្តបទល្មើសចំពោះនីតិបុគ្គលដែលធ្វើខុស ដូចជាក្រុមហ៊ុនថ្នាំជក់ដែលនៅតែបន្តបំពាន និងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ជាដើម។

តាមការអង្កេតស្ដីពីការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០១៩ បានបង្ហាញថា មានបារីប្រមាណ ៣០% ដែលដាក់តាំងលក់លើទីផ្សារ ពុំមានបោះពុម្ភសារព្រមានសុខភាពជាភាសាខ្មែរ និងរូបភាព ហើយបារី ៥៨% ដែលលក់លើទីផ្សារ ពុំមានតែមប្រិយ៍ពន្ធនោះទេ។ ការសិក្សានេះក៏បានបញ្ជាក់ថា មានការផ្សាយពាណិជ្ជកម្មបារីប្រមាណ ២០% និងការផ្ដល់សម្ភារៈផ្សាយពាណិជ្ជកម្ម និងផលប្រយោជន៍ពីក្រុមហ៊ុនលក់បារីទៅឱ្យអ្នកលក់បារីជាច្រើន៕