(ភ្នំពេញ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំដើម្បីពិភាក្សារកដំណោះស្រាយជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍ ដែលជួបការខ្វះខាតស្បៀង ក្នុងអំឡុងពេលនៃជំងឺ COVID-19 ស្របតាម ខ្លឹមសារនៃលិខិតលេខ១៧ ស.ជ.ណ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភានេះ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា–ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានីភ្នំពេញបាន ផ្តល់អង្ករចំនួន១៤០តោន ដល់ខណ្ឌទាំង១៤ ដើម្បីសម្រាលទុក្ខលំបាកប្រជាពលរដ្ឋក្រីក្រ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា កិច្ចប្រជុំក្រុមការងារនេះ គឺដើម្បីពិភាក្សារកដំណោះស្រាយ ស្វែងរកគន្លឹះមួយចំនួន ធ្វើយ៉ាងណាជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះ និងងាយរងគ្រោះ នៅក្នុងរាជធានី ខណៈដែលប្រទេសកម្ពុជា បាននិងកំពុងប្រយុទ្ឋប្រឆាំងទៅនឹងជំងឺ COVID-19 ហើយការផ្តល់អង្កចំនួន១៤០តោន ដល់ខណ្ឌទាំង១៤ ដើម្បីចែកបន្តដល់ប្រជាពលរដ្ឋក្រីក្រ ស្របតាមកាលៈទេសៈដែលប្រទេសជាតិជួបបញ្ហាជំងឺ COVID-19។

លោក ឃួង ស្រេង បានលើកឡើងថា ក្នុងស្ថានភាពជំងឺ COVID-19 ដែលបាននិងកំពុងរាតត្បាតនៅក្នុងបណ្តាប្រទេស និងដែនដីចំនួន ២១០ ទូទាំងពិភពលោក ប្រទេសកម្ពុជា ក៏មិនអាចគេចផុតពីការគំរាមកំហែង នៃជំងឺ COVID-19 ដូចគ្នាផងដែរ។ ទោះបីមកទល់ពេលនេះប្រជាពលរដ្ឋខ្មែរ រួមនិងជនបរទេស ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា មិនទាន់មាននរណាម្នាក់រងគ្រោះរហូតដល់បាត់បង់ជីវិតនៅឡើយក្តី។ ប៉ុន្តែយើងមិនទាន់អាចយកឈ្នះលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺនេះបាននៅឡើយទេ ដែលបានបង្កើតឱ្យមានផលប៉ះពាល់លើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចដោយចៀសមិនរួច។

ចំពោះការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ថាជាបញ្ហារួមរបស់ប្រទេសជាតិទាំងមូល ដូច្នេះវិធានការនានា ត្រូវដាក់ចេញដោយ គណៈកម្មការជាតិ ក្រោមការបញ្ជាផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងសុខាភិបាល ជាស្ថាប័នអនុវត្តនាំមុខ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាប្រតិបត្តិករសហការអនុវត្ត រាល់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

យ៉ាងណាមិញ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ផ្អែកតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋានបានសហការអនុវត្តនូវរាល់វិធានការទាំងឡាយ ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈការអនុវត្តនូវអនុសាសន៍ឆ្លើយតបភ្លាមៗដូចជាមិនឱ្យមានការជួបជុំរៀបចំកម្មវិធីពិធីសាសនា បិទទាំងស្រុងនូវសាលារៀន និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ទូទាំងរាជធានីភ្នំពេញ បិទទាំងស្រុងនូវកម្មវិធីប្រគុំតន្ត្រីនៅតាមទីធ្លាសាធារណៈ, បិទអាជីវកម្មខារ៉ាអូខេ (KTV), ក្លឹប, រោងភាពយន្ត, បៀរហ្គាឌិន កាស៊ីណូ និងកន្លែងសប្បាយភាពក្នុងវិស័យទេសចរណ៍ជាដើម។

អាជ្ញាធរបានយកចិត្តទុកដាក់ និងចាត់វិធានការទាន់ពេលវេលាចំពោះក្រុមជនឱកាសនិយម និងក្រុមបំពុលសង្គម ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាកេងចំណេញផលប្រយោជន៍ ឬបង្កឱ្យ មានចលាចលក្នុងសង្គម និងបានចុះអប់រំផ្សព្វផ្សាយ និងចែកខិត្តបណ្ណសុខភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋាន, ទីផ្សារ និងសហគមន៍ ជាមួយនឹងការផ្សព្វផ្សាយតាមបណ្តាញ, ផ្ទាំងប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនទីតាំងទូទាំងរាជធានីភ្នំពេញ។

បន្ថែមលើនេះទៀត កាលពីថ្ងៃទី២៥ ខែឧសភា ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពីការបន្តអប់រំសុខភាពជូនប្រជាពលរដ្ឋ និងពង្រឹងការងារតាមដានការអនុវត្តវិធានការ ការពាររលកទីពីរ នៃការចម្លងមេរោគកូវីដ–១៩ នៅរាជធានីភ្នំពេញថែមទៀត។ ពាក់ព័ន្ធនិងស្ថានភាពសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ និងការធ្វើអត្តសញ្ញាណកម្ម គ្រួសារក្រីក្រក្នុងសហគមន៍នៅរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៣ ក្រោយពេលដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវចំណាត់ការដ៏ម៉ឺងម៉ាត់ ក្នុងការការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមប្រធានបទ «អភិវឌ្ឍន៍ ១០០ សហគមន៍ផែនការក្នុង១ឆ្នាំ» តាមរយៈផ្តល់សម្បទានដីសង្គមកិច្ច និងការអភិវឌ្ឍលំនៅដ្ឋាន នៅនឹងកន្លែង យើងបានរកឃើញសហគមន៍ក្រីក្រ នៅរាជធានីចំនួន ៣៣៥ សហគមន៍ ស្ថិតក្នុងសង្កាត់ចំនួន ៥២ នៃខណ្ឌចំនួន៩។

តែក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យចំនួនសហគមន៍ក្រីក្រ មានការថយចុះពី ៣៣៥ សហគមន៍ ក្នុងឆ្នាំ២០០៣ មកត្រឹមតែ ១៥១ សហគមន៍ ក្នុងឆ្នាំ២០២០។

លោកបន្តថា ជាទិសដៅភារកិច្ច និងយន្តការគាំទ្រចំពោះប្រជាព៌លរដ្ឋក្រីក្រ សម្រាប់កិច្ចប្រជុំនេះ យើងនឹងកំណត់រួមគ្នាអំពីទិសដៅភារកិច្ច និងយន្តការគាំទ្រជួយដល ប្រជាពលរដ្ឋក្រីក្រតាមរយៈកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន ជាមួយនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅតាមបណ្តាខណ្ឌទាំង១៤។

គួរបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគល់អង្ករចំនួន១៤០តោន របស់សម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនរដ្ឋបាលរាជធានីភ្នំពេញ និងបន្តប្រគល់ជូនខណ្ឌទាំង១៤ ដោយក្នុង១ខណ្ឌទទួលបានអង្កចំនួន១០តោន ដើម្បីរួមចំណែក សម្រាលដល់ទុក្ខលំបាករបស់ប្រជាសហគមន៍ក្រីក្រ ដែលកំពុងជួបការខ្វះខាតស្បៀងអាហារ៕