(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានទទួលជួបប្រជុំពិភាក្សាជាមួយក្រុមការងារអធិការកិច្ចពលករបរទេស នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ក្នុងខេត្តកំពង់ចាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ វិចិត្រ អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារអធិការកិច្ចពលករបរទេស ប្រចាំខេត្តកំពង់ចាម។

ជំនួបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

ក្នុងឱកាសនោះ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ លោក សិត សិលា បានឲ្យដឹងថា កាលពីឆ្នាំ២០១៩ ក្រុមការងារអធិការកិច្ចពលករបរទេស លើការងារចុះពិនិត្យលើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានសរុបចំនួន ៥៤៤នាក់ ស្រី១៧២នាក់ មាន១៥សញ្ជាតិ។ ក្នុងនោះរកឃើញអ្នកគ្មានប័ណ្ណការងារចំនួន ០៦នាក់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់កក្នុងម្នាក់ៗ ៥០ម៉ឺនរៀល សរុប ៣លានរៀល។

ដោយឡែក សម្រាប់ឆ្នាំ២០២០នេះ ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយមន្ទីរការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំគ្រឹះស្ថាន អាជីវកម្មនានាចំនួន៦៣ កន្លែងទូទាំខេត្ត ដើម្បីត្រៀមចុះអធិការកិច្ចលើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស ដើម្បីអនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ការងារឲ្យមានប្រសិទ្ធភាព៕