(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសស្ដីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងប្រចាំឆ្នាំនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងប្រចាំឆ្នាំនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ពីសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្តបន្ត។

តាមសេចក្ដីប្រកាសព័ត៌មានខាងលើដែលអង្គភាពព័ត៌មាន Fresh News ទទួលបានកិច្ចប្រជុំនេះ ក្នុងគោលបំណង ពិនិត្យឡើងវិញនូវសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្តបន្ត, ពិនិត្យអំពីការចូលរួមចំណែករបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាមួយក្រសួងសុខាភិបាល នាពេលកន្លងមក។

កិច្ចប្រជុំនេះ បានធ្វើឡើងតាមទំនាក់ទំនងប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពលោកសស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សា ហើយមានការចូលរួមពីអគ្គនាយកនៃវិទ្យាស្ថានប៉ាស្ទ័រនៅប៉ារីស, តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រីឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា, លោកឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា សមាជិកអចិន្ត្រៃយ៍មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត សរុបចំនួន៣៤រូប។

កិច្ចប្រជុំនេះ សម្រេចបាននូវលទ្ធផលដូចជា៖

ការទទួលស្គាល់ និងកោតសរសើរនូវសមិទ្ធផលសំខាន់ៗដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាសម្រេចបាន ក្នុងឆ្នាំកន្លងមកលើការស្រាវជ្រាវសេវាកម្មជូនដល់សាធារណៈជន ការបណ្តុះបណ្តាល និងការបង្រៀន ដែលមានដូចជា៖

*លទ្ធផលស្រាវជ្រាវទៅលើជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ ជំងឺឆ្កែឆ្កួត ភាពស៊ាំនឹងថ្នាំផ្សះ ជំងឺផ្ដាសាយ ជំងឺរលាកថ្លើម ជំងឺអេដស៍ និងលើសត្វមូស។

*វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានចូលរួមបង្កើតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់កម្រិតអន្តរជាតិផ្នែកជំងឺឆ្លងក្នុងឆ្នាំសិក្សាទី១ ដោយរួមសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យប៉ារីសសាក្លេនៃប្រទេសបារាំង (University of Paris-Saclay, France)។

*វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កំពុងផ្តល់ជូននូវសេវាកម្មទូលំទូលាយជូនដល់សាធារណជន តាមរយៈមន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងអន្តរជាតិ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតនៅភ្នំពេញ នៅបាត់ដំបង និងនៅកំពង់ចាម ក៏ដូចជាមន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពចំណីអាហារ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីសុខាភិបាល បានថ្លែងអំណរគុណ និងកោតសរសើរវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាមួយក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ព្រមទាំងបានវិវត្តន៍ខ្លួន ក្លាយជាមន្ទីរពិសោធន៍បង្អែកសកលមួយ ក្នុងការដោះស្រាយនូវហានិភ័យសុខភាពសាធារណៈ ឱ្យកាន់តែប្រសើរ និងជៀសផុតចេញពីជំងឺរាតត្បាតកូវីដ១៩។

លើសពីនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានលើកទឹកចិត្តវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជំរុញបន្ថែមការបណ្តុះបណ្តាលដល់ មន្ត្រីសុខាភិបាល ព្រមទាំងបានស្នើសុំវិទ្យាស្ថានប៉ាស្ទ័រប៉ារីស ក៏ដូចជាក្រសួងការបរទេស និងក្រសួងអប់រំ ស្រាវជ្រាវ និងនវានុវត្តន៍បារាំង បន្តជួយគាំទ្រដល់សកម្មភាព និងទិសដៅយុទ្ធសាស្ត្រ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីលើកកម្ពស់គុណភាពសុខភាពសាធារណៈ និងសេវាសុខាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕