(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានប្រគល់អំណោយជាម៉ាស៊ីនអេធីអឹម អង្ករ ចំនួន ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងការចែកអង្ករជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងដែនដីរាជធានីភ្នំពេញ។

ពិធីនេះប្រគល-ទទួលនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលរង រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បាន បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកចំពោះគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដែលបានអញ្ជើញចូលរួមនាពេលនេះ។

ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការ បានមានប្រសាសន៍ថា ម៉ាស៊ីនអេធីអឹមអង្ករចំនួន៤គ្រឿងនេះ ជាអំណោយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបាននាំយកមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ហើយថ្ងៃនេះកាកបាទក្រហមកម្ពុជា បានបន្តជូនទៅរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងការចែកអង្ករ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដោយដែលនេះជាផ្នែកមួយនៃការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩នៅកម្ពុជា។

ទន្ទឹមនឹងនេះ លោក មាន ចាន់យ៉ាដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អំណោយជាម៉ាស៊ីន អេ ធី អឹម ចំនួន ៤គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ។

លោកបានបន្ថែមថា ម៉ាស៊ីននេះ ពិតជាមានសារៈសំខាន់ក្នុងការប្រើប្រាស់ដើម្បីរក្សាគម្លាតសុវត្ថិភាព ជាពិសេស ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩នេះ ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបែងចែក ដើម្បីបង្កភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ ក្នុងដែនដីរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ពី សកម្មភាពប្រចាំថ្ងៃរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការទប់ស្កាត់រលកទីពីរនៃវីរុសកូវីដ-១៩ ជាពិសេស ការផ្តោតយកចិត្តទុកដាក់ចំពោះអ្នកចំណូលស្រុកតាមជើងហោះហើរ តាមរយៈវិធានការនានា និងការងារអប់រំ ណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង និងបង្កើនការប្រុងប្រយ័ត្នពីជំងឺដ៏កាចសាហាវនេះ៕