(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នឹងដាក់ពិន័យ ឬទោសទណ្ឌ លើជនណាម្នាក់ដែលគេចវេស មិនគោរពតាមការណែនាំរបស់ក្រុមការងារនៅតាមច្រកចូល នាំយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តដើម្បីស្វែងរកជំងឺកូវីដ-១៩។ នេះបើតាមរបាយការណ៍ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។

ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «តាមស្វែងរកជនដែលគេចវេស មិនគោរពតាមការណែនាំ របស់ក្រុមការងារនៅតាមច្រកចូល នាំយកមក ធ្វើចត្តាឡីស័ក និងធ្វើតេស្ត ហើយដាក់ពិន័យ ឬទោសទណ្ឌ តាមអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល»

ជាមួយគ្នានោះ ក្រសួងបានឲ្យដឹងថា អង្គប្រជុំក៏បានឯកភាព ឲ្យមានការផ្តល់នូវតារាងកក់សំបុត្រយន្តហោះ (Booking List) កម្មវិធីហោះហើរ (Flight Schedule) និងបញ្ជីអ្នកដំណើរ ជិះយន្តហោះ (Manifestation List) ជាមុនជូនក្រុមការងារសុខាភិបាល និងមានការបែងចែកភារកិច្ច និងការទទួលខុសត្រូវ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតាមព្រលានយន្តហោះផងដែរ។

របាយការណ៍ក្រសួងសុខាភិបាលបានបន្ដថា ដោយក្នុងនោះ អនុវត្តន៍ទៅតាមគោលការណ៍ ប្រតិបត្តិស្ដង់ដារសម្រាប់គ្រប់គ្រង និងអនុវត្តការងារ នៅក្នុងមណ្ឌល ត្រួតពិនិត្យសុខភាព នៅតាមព្រំដែនអាកាស ចុះថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០ នៅតាមព្រលានយន្តហោះអន្តរជាតិ និងទីកន្លែងពាក់ព័ន្ធ និងត្រូវធ្វើការផ្សព្វផ្សាយ គោលការណ៍ប្រតិបត្តិស្ដង់ដារនេះ។

ក្រសួងសុខាភិបាល បានលើកឡើងទៀតថា ត្រូវពង្រឹងការងារមុនពេលអ្នកដំណើរឡើងយន្តហោះ និងពេលអ្នកដំណើរ មកដល់ព្រលានយន្តហោះជាចាំបាច់ ដោយមានការចូលរួម ពីក្រសួងពាក់ព័ន្ធនានាដូចជា៖

* ១៖ ការអនុវត្តនូវលក្ខខ័ណ្ឌដែលតម្រូវ សម្រាប់អ្នកដំណើរដែលមានទិដ្ឋាការ ចេញចូលដែលនៅមានសុពលភាពយូរ ដែលក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ និងពិនិត្យលើករណីនេះ។

* ២៖ រៀបចំយន្តការគ្រប់គ្រង អ្នកដំណើរចូលនៅតាមព្រលានយន្តហោះ ឲ្យបានហ្មត់ចត់ ដោយប្រគល់ជូនអាជ្ញាធរព្រលានយន្តហោះនីមួយៗ ជាអ្នកដឹកនាំ។

* ៣៖ ពង្រឹង និងរៀបចំយន្តការ នៅរាជធានី-ខេត្ត ដោយមានបញ្ជាការដ្ឋាន ដឹកនាំការងារនេះត្រឹមត្រូវ និងត្រៀមទីតាំងដាក់អ្នកដំណើរ ឲ្យស្នាក់នៅរថយន្តក្រុងដឹកជញ្ជូន អ្នកដំណើរ និងកងកម្លាំងការពារ -ល-៕