(កំពង់ឆ្នាំង)៖ បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំង បានបង្កើនមុខរបរចិញ្ចឹមត្រីឆ្តោ និងត្រីផ្សេងៗទៀត នៅក្នុងបែរ និងក្នុងស្រះរបស់ពួកគាត់ ដោយប្រើចំណីទៅតាម បច្ចេកទេសកសិកម្ម ដែលធ្វើឱ្យពួកគាត់ទទួលបាននូវផលចំណេញទាំងថវិកា និងកាត់បន្ថយបទល្មើសការដាក់ស្បៃមុងយកកូនត្រីមកធ្វើនុយ ពិសេសជាងនេះទៅទៀត គឺមិនធ្វើឱ្យប៉ះពាល់ ដល់សុខភាពអ្នកបរិភោគទៀតផង។

លោក ឃឹម ឈុនឡុង ជាកសិករចិញ្ចឹមត្រីក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី បានរៀបរាប់ឱ្យភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះថា លោកកំពុងចិញ្ចឹមក្នុងស្រះប្រមាណ ៨០ម៉ឺនក្បាល ហើយមកដល់ថ្ងៃនេះ លោកបានជីកស្រះចំនួន ៩កន្លែង និងបានដាក់ពូជត្រីចំនួនបីប្រភេទ គឺត្រីឆ្តោ ៥០ម៉ឺនក្បាល និងត្រីពោ ៣០ម៉ឺនក្បាល ដោយបានឱ្យចំណីវាស៊ីទៅតាមបច្ចេកទេសកសិកម្ម។

លោកសង្ឃឹមថា នៅក្នុងរយៈពេលពី៣ ទៅ៤ខែខាងមុខនេះ លោកនឹងទទួលផលពីការចិញ្ចឹមត្រីនេះយ៉ាងល្អប្រសើរ។ ចំពោះចំណីត្រីធំ លោកបានទិញត្រីនុយទឹកប្រៃពីខេត្តកំពង់សោម យកមកកិនឱ្យម៉ដ្ឋដាក់ឱ្យវាស៊ី ដោយមិនប្រើប្រាស់កូនត្រីនុយទឹកសាបឡើយ។

ចំណែកកូនត្រីប្រាតូចៗ លោកបានទិញចំណីត្រីកសិកម្មប្រភេទគ្រាប់ ពីទីផ្សារឱ្យវាស៊ី ដែលការផ្តល់ចំណីត្រីបែបនេះ គឺជាការចូល រួមកាត់បន្ថយបទល្មើសនេសាទ ក្នុងការប្រើឧបករណ៍ស្បៃមុង ចាប់កូនត្រីនៅក្នុងដៃទន្លេសាបយកមកឱ្យស៊ី ហើយលទ្ធផល នៃការចិញ្ចឹមត្រីខាងលើនេះ វានឹងផ្តល់ទិន្នផលល្អផងដែរ និងមិនប៉ះពាល់ដល់ច្បាប់ស្តីពីជលផលនោះឡើយ។

លោកបានបន្តទៀតថា កាលពីឆ្នាំកន្លងទៅ លោកចិញ្ចឹមត្រីឆ្តោចំនួនតែ ៣០ម៉ឺនក្បាល និងត្រីពោ២០ម៉ឺនក្បាលប៉ុណ្ណោះ រីឯណាទិន្នផល គឺលោកបានចំណេញគួរសមដែលអាចទទួលយកបាន ព្រោះកាលពីឆ្នាំទៅត្រីឆ្តោរលក់ចេញក្នុង១គីឡូក្រាម តម្លៃ ១០,២០០រៀល ត្រីពោក្នុង ១គីឡូក្រាមតម្លៃ ៨,.០០០រៀល ដូច្នេះបន្ទាប់ពីផាត់ថ្លៃចំណី និងថ្លៃកម្មករអស់ទៅលោកបានចំណេញគួរសម ដែលធ្វើឱ្យលោកបន្ថែមចំនួនកូនត្រីទាំងពីរប្រភេទ ក្នុងការចិញ្ចឹមឆ្នាំនេះបន្ថែមទៀត ហើយឆ្នាំនេះលោកនឹងមានគម្រោងដាក់កូនត្រីប្រា ១មុខទៀតផងដែរ។

ដោយឡែកសព្វថ្ងៃនេះ លោកបានប្រើប្រាស់កម្មករចំនួន ៥នាក់ ក្នុងការចិញ្ចឹមត្រីខាងលើនេះ ដែលលោកបានផ្គត់ផ្គង់ប្រាក់ខែឱ្យក្នុងម្នាក់ចំនួន៦០ម៉ឺនរៀល។ ម៉្យាងទៀតការជីកស្រះទប់ទឹក ចិញ្ចឹមត្រីនេះ ក៏ជាប្រយោជន៍មួយយ៉ាងសំខាន់ផងដែរចំពោះដំណាំស្រូវ ព្រោះនៅខែប្រាំង លោកអាចបូមទឹកក្នុងស្រះត្រីដែលមានជីជាតិស្រាប់ បញ្ចូលទៅក្នុងស្រែប្រាំងជាង ៣០ហិកតាទៀត របស់លោកនៅជាប់នឹងស្រះចិញ្ចឹមត្រី ដូច្នេះគឺផលស្រូវក៏បាន និងផលត្រីក៏បាន ដែលលោកសង្ឃឹមថា ក្រោយពេលប្រមូលផលត្រីក្រុមគ្រួសាររបស់លោកនឹងមានជីវភាពធូរធារមួយកម្រិតថែមទៀត។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានមុខរបរចិញ្ចឹមត្រីទាំងអស់សូមកុំនាំគ្នាប្រើឧបករណ៍នេសាទស្បៃមុង ដែលជាឧបករណ៍ល្មើសច្បាប់ ដើម្បីដាក់ចាប់យកកូនត្រីតូចៗ មកធ្វើជានុយឱ្យត្រីស៊ីឱ្យសោះ ទាំងក្នុងរដូវបិទនេសាទនេះ និងរដូវបើកនេសាទ ព្រោះវាជាសកម្មភាពល្មើសច្បាប់ស្ដីពីជលផល ដែលច្បាប់ត្រូវបានហាមឃាត់ជាដាច់ខាត៕