(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានបិទបញ្ចប់ការស៊ើបអង្កេតលើការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ថា អ្នកជិះរថយន្តពាក់ផ្លាកលេខ ខ.ម.២ ៩៤០៤ ចូលបាញ់សត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ដោយមានការចូលមកបំភ្លឺរួមគ្នា រវាងព្រះសង្ឃដែលបានផ្សព្វផ្សាយសារចោទប្រកាន់ និងបុគ្គលដែលត្រូវរងការចោទប្រកាន់។

ការបិទបញ្ចប់ការស៊ើបអង្កេតនេះ បានធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន អ្នកពាក់ព័ន្ធ មន្រ្តីឧទ្យានុរក្ស និងថ្នាក់ដឹកនាំ ព្រះសង្ឃនៃសហគមន៍ សង្ឃរុក្ខវ័ន្ត។

ព្រះតេជគុណ ព្រហ្ម ប៊ុនរិទ្ធ ជាមន្រ្តីសង្ឃគង់នៅវត្តសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងជាសមាជិកសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត ដែលបានចូលមកស្រាយបំភ្លឺករណីពាក់ព័ន្ធនឹងករណីបាញ់សត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត មានសង្ឃដីកាថាជា ចំពោះករណីនេះ ជាការភាន់ច្រឡំប៉ុណ្ណោះ មិនមានការបាញ់សត្វព្រៃដូចការចោទប្រកាន់នោះទេ ក្រោយពីបានឃាត់រថយន្តត្រួតពិនិត្យ និងធ្វើការស៊ើបអង្កេតរួចមក ហើយរូបថតដែល ភ្ជាប់រថយន្តពណ៌ត្រអ៊ី និងសត្វទន្សោង ដែលបានបាញ់ស្លាប់ជាហេតុការណ៍ពីផ្សេងគ្នា។

ព្រះភិក្ខុ ព្រហ្ម ប៊ុនរិទ្ធ បានបំភ្លឺករណីពាក់ព័ន្ធនឹងករណីបាញ់សត្វព្រៃក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ដែលមានរថយន្តមន្រ្តីយោធានោះ ជារឿងសង្ស័យ ហើយមានការយល់ច្រឡំ ព្រោះព្រះអង្គបានឃើញពីចម្ងាយ ហើយរថយន្តមិនបានឈប់នៅពេលបានជួបក្រុមព្រះអង្គដែលជាអ្នកអភិរក្សនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ទ ដែលកំពុងបំពេញការងារនៅទីនោះ។

ព្រះអង្គ ព្រហ្ម ប៊ុនរិទ្ធ មានសង្ឃដីកាដែរថា ម្ចាស់ហ្វេសប៊ុក Vadthanak Preap ចុះផ្សាយដោយស្រង់សង្ឃដីការបស់ព្រះអង្គ ហើយបន្ទាប់មកបន្ថែមខ្លឹមសារខុសពីការពិត។ ទី១៖ គណនីនេះ បានថែមខ្លឹមសារលើខ្លឹមសារដើមរបស់ហ្វេសប៊ុករបស់ព្រះអង្គ, ទី២៖ គឺគាត់បានផុសថា ករណីសង្ស័យបាញ់សត្វ ដោយភ្ជាប់រូបភាពរថយន្ត និងសត្វទន្សោង ២ក្បាល ដែលបានស្លាប់ ២ថ្ងៃមុនការចុះផ្សាយនោះថា នៅឯខេត្តឧត្តរមានជ័យ។ តាមពិតទន្សោង ២ក្បាលនោះ ត្រូវបានបាញ់ស្លាប់នៅក្នុងខេត្តមណ្ឌលគិរី មិនមែននៅក្នុងខេត្តឧត្តរមានជ័យឡើយ។ នេះជាករណីដាច់ដោយឡែក និងមានការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលព្រះសង្ឃយល់ថា មានចេតនាបំពុលសង្គម។

នៅចំពោះមុខភាគីពាក់ព័ន្ធនានា លោក ស្រ៊ុន ដារិទ្ធ បានលើកទឹកចិត្តឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ និងសហគមន៍មូលដ្ឋានបន្តពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីការរស់នៅដោយចីរភាព។លោកក៏បញ្ជាក់ដែរថា ជនដែលប្រព្រឹត្តបទល្មើសធន ធានធម្មជាតិនឹងត្រូវទទួលទោសតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលមានចែងដើម្បីគ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះឱ្យបានគង់វង្សសម្រាប់តកូនចៅគ្រប់ជំនាន់៕