(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងអំពាវនាវ និងស្នើដល់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្ត្រីអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ឱ្យយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងផ្តល់ជាបច្ចេកទេសផ្សេងៗ ដើម្បីគាំទ្រដល់ការដាំដុះ និងចិញ្ចឹមសត្វរបស់អតីតយុទ្ធជន។

សំណូមពរ ក៏ដូចជាការអំពាវនាវរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងពេលអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលការដាំដុះរបស់អតីតយុទ្ធជនប្រមាណ ៣១០គ្រួសារ នៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។

អតីតយុទ្ធជនកម្ពុជា ទទួលបានយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជាកិច្ចតបស្នងចំពោះការលះបង់ និងពលីកម្មដែលពួកគេបានធ្វើចំពោះជាតិ។ រាជរដ្ឋាភិបាល បានផ្តល់ដីសង្គមកិច្ច សាងសង់ផ្ទះសម្បែងជូនដល់អតីតយុទ្ធជន ដើម្បីពួកគេកសាងជីវភាព និងរស់នៅបានសមរម្យ។បោះ

អតីតយុទ្ធជនទាំង៣១០គ្រួសារ ដែលកំពុងរស់នៅ និងអាស្រ័យផលលើដីសង្គមកិច្ចផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា បានខិតខំអស់លទ្ធភាពក្នុងការដាំដុះដំណាំ និងចិញ្ចឹមសត្វផង ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរបស់ពួកគាត់។ តាមរយៈការខិតខំ និងឧស្សាហ៍ព្យាយាម បានធ្វើឱ្យអតីតយុទ្ធជនបើទោះបីពួកគេមានពិការភាពយ៉ាងណាក្តី តែក៏បានជួយធ្វើឱ្យជីវភាពរបស់ពួកគេបានល្អប្រសើរមួយកម្រិតទៀត។

លោក គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងជានារសាដ៏សំខាន់របស់សម្តេចតេជោលើការងារអតីតយុទ្ធជន តែងតែបានធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយ និងឆ្លើយតបរាល់បញ្ហារបស់អតីតយុទ្ធជន។ ពេលចុះមើលឃើញដោយផ្ទាល់ភ្នែកចំពោះកិច្ចប្រឹងប្រែងឧស្សាហ៍ព្យាយាម ក្នុងការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីកសាងជីវភាពរបស់អតីតយុទ្ធជន លោក គន់ គីម បានស្ញប់ស្ញែង និងកោតសរសើរខ្ពស់ចំពោះភាពឧស្សាហ៍ព្យាយាមរបស់អតីតយុទ្ធជន។

«ខ្ញុំពិតជារីករាយពេលឃើញបងប្អូនប្រឹងប្រែងឧស្សាហ៍ព្យាយាមក្នុងការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីកសាងជីវភាពបែបនេះ។ បើទោះបីបងប្អូនរងភាពពិការព្រោះតែសង្គ្រាម តែបងប្អូនមិនផ្តេកផ្តួលពឹងផ្អែករាជរដ្ឋាភិបាលទាំងស្រុងនោះឡើយ។ ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះភាពប្រឹងប្រែងរបស់បងប្អូន»។ នេះជាការថ្លែងរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ទៅកាន់អតីតយុទ្ធជន។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរទៅមន្ត្រីមន្ទីរកសិកម្ម និងអាជ្ញាធរខេត្ត ឱ្យជួយផ្តល់កិច្ចអន្តរាគមន៍នានាដល់អតីតយុទ្ធជន ដូចជាការផ្តល់បច្ចេកទេស ការផ្តល់ពូជ និងឧស្សាហ៍ចុះអប់រំពួកគាត់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្តល់ចំណេះដឹងលើការដាំដុះ និងការចិញ្ចឹមសត្វជាដើម។ លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកដល់មន្ត្រីកសិកម្ម និងអាជ្ញាធរខេត្ត ឱ្យយកចិត្តទុកដាក់ដល់ការរស់នៅរបស់អតីតយុទ្ធជន ព្រោះថាពួកគាត់សុទ្ធតែជាអ្នកមានគុណបំណាច់សម្រាប់សង្គមជាតិ មិនត្រូវទុកពួកគាត់ចោលនោះឡើយ។

ក្នុងជំនួបសំណេះសំណាលនេះ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អតីតយុទ្ធជនទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងត្រូវអនុវត្តន៍តាមវិធានអនាម័យទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការខ្លួនពីជំងឺកូវីដ១៩។

នៅចំពោះមុខលោកទេសរដ្ឋមន្ត្រី អតីតយុទ្ធជនបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ខ្ពស់លើជីវភាព និងការរស់នៅរបស់ពួកគាត់។ អតីតយុទ្ធជន ក៏បានអរគុណដល់លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលតែងតែបានចុះជាប់ជាប្រចាំ ដើម្បីស្វែងយល់ពីទុក្ខលំបាករបស់អតីតយុទ្ធជន និងដាក់ជូនសម្តេចតេជោស្វែងរកដំណោះស្រាយជូនពួកគាត់៕