(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ចេង ញ៉ាន់ អភិបាលរង ខេត្តកំពង់ឆ្នាំងលោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង នៅប៉ុន្មានថ្ងៃនេះ បានបើកយុទ្ធនាការចុះ​ពង្រឹងកម្លាំងចំរុះ​ទាំងអស់ ដែលកំពុងឈរជើង​ការពារតំបន់​ឡូត៍​អភិរក្សធនធានជលផល​ចំនួន៧កន្លែង​នៅ​ក្នុងខេត្តកំពង់ឆ្នាំង គោលបំណងថែរក្សា​ឲ្យបាន​មច្ឆាជាតិ នៅក្នុងដែនអភិរក្សឲ្យមាន​និរន្តរភាព និងលុបបំបាត់​នូវបទល្មើសគ្រប់ប្រភេទ​​ក្នុងតំបន់អភិរក្ស។

ការចុះពិនត្យ និងពង្រឹងកម្លាំង ក៏បានការដាក់សញ្ញាសំគាល់ដែនអភិរក្សផង​ដែរនៅចំណុចឡូត៍​អភិរក្សលេខ៤ ស្ថិតក្នុងភូមិជ្រោយបបុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលមានការចូលរួម​ពីមន្ត្រីខណ្ឌរដ្ឋបាលជលផល និងកងកម្លាំងសមត្ថកិច្ចទាំង៣ប្រភេទផងដែរ។នៅក្នុងពេលចុះពិនិត្យ និងពង្រឹងកម្លាំងការពារនេះ លោកបណ្ឌិត ចេង ញ៉ាន់ បានផ្តាំផ្ញើថា យោងតាមអនុសាសន៍​ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិវាមច្ឆាជាតិកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ នៅស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង គឺសម្តេចចង់ឲ្យអ្នកមាន​កាតព្វកិច្ចទាំងអស់ រាប់ទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ សមត្ថកិច្ចរដ្ឋបាលជលផល ប្រជាការពារ និងប្រជាពលរដ្ឋ ចូលរួមសហការ ទប់ស្កាត់បទល្មើស​នេសាទទាំង​ឡាយ​ដែលកើតមានក្នុងដែនអភិរក្ស និងរក្សាឲ្យបាននូវធនធានជលផល​ក្នុងតំបន់អភិរក្សគ្រប់កន្លែង ជាពិសេស គឺទប់ស្កាត់ការកាប់បំផ្លាញ​តំបន់ព្រៃលិចទឹកឲ្យបានគង់វង្ស។ លោកបណ្ឌិតបានបន្តថា ប្រសិនបើលោករកឃើញថា អ្នកដែលមានភារកិច្ចការពារ​ដែនអភិរក្សបែរជា​បង្កើតបទល្មើស​ក្នុងដែនអភិរក្សដែលខ្លួន ទទួលខុសត្រូវនោះ នឹងត្រូវទទួលទោសតាមច្បាប់ និងមិនអនុគ្រោះឲ្យបានឡើយ។

លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល បានថ្លែងថា ខេត្តកំពង់ឆ្នាំង មានដែននេសាទលាត​សន្ធឹងចាប់ពីក្បាលកោះ លង្វែកស្រុកកំពង់ត្រឡាច រហូតដល់តំបន់ឆ្នុកទ្រូ​ ស្រុកបរិបូណ៌ មានបណ្តោយប្រវែង១១០គម។ ក្រៅពីនេះភូមិសាស្ត្រនៃព្រៃលិចទឹកមានមានទំហំជិត៩ម៉ឺនហិកតា ដែលជាដែនជំរកមច្ឆាជាតិដ៏សំខាន់។ ក្នុងនោះព្រៃលិចទឹកស្ថិតក្នុងតំបន់​ការពារមានទំហំសរុប​ជាង៧ម៉ឺនហិកតា ដែលបច្ចុប្បន្នបានចែកជាតំបន់អភិរក្ស៧ឡូត៍ កន្លែងអភិរក្សជលផលរបស់​សហគមន៍មាន​៤១កន្លែង និងជម្រកត្រីសហគមន៍​មាន២៣កន្លែង៕

Advertising