(ភ្នំពេញ)៖ អ្នកជំនាញជាម្ចាស់អាជីវកម្មជោគជ័យជាច្រើនរូប នឹងរួមគ្នាក្នុងការផ្ដល់ដំណោះស្រាយតាមប្រព័ន្ធ Home-Ducation ជាប្រព័ន្ធអនឡាញដល់អាជីវកម្ម ដែលកំពុងជួបបញ្ហាក្នុងកំឡុងពេលវិបត្តិ COVID-19។

ខណៈដែលអជីវកម្មជាច្រើន កំពុងជួបវិបត្តក្នុងកំឡុងពេលជំងឺ COVID-19 នេះ លោក កឹម អឿន បានបង្កើតវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញឈ្មោះ Home-Ducation សម្រាប់ផ្ដល់ជាដំណោះស្រាយដល់អាជីវកម្មនានា ដែលកំពុងជួបបញ្ហានាពេលបច្ចុប្បន្ន។ ស្ថាបនិករូបដដែលនេះ បញ្ជាក់ថា Home-Ducation មានគ្រូឧទ្ទេស និងវាគ្មិនកិត្តិយសចំនួន៨រូប ដែលពួកគាត់សុទ្ធតែជាអ្នកជំនាញ និងជាម្ចាស់អជីវកម្មជោគជ័យក្នុងប្រទេសកម្ពុជា។

លោក កឹម អឿន បានបន្តថា ម្ចាស់អជីវកម្មដែលកំពុងជួបវិបត្តទាំងអស់ អាចទទួលបានចំនេះដឹងបន្ថែម ក៏ដូចជាដំណោះស្រាយចំពោះបញ្ហារបស់ខ្លួន ពីវគ្គបណ្ដុះបណ្ដាលអនឡាញមួយនេះ ដោយមានការឡាយ លើប្រព័ន្ធហ្វេសប៊ុក និង zoom ដែលនឹងចាប់ផ្ដើមនៅខែមិថុនាខាងមុខនេះ។

សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ ទាំងគ្រូឧទ្ទេស និងវាគ្មិនកិត្តិយស នឹងផ្តោតសំខាន់លើ ៤ចំណុចធំៗ រួមមាន យុទ្ធសាស្រ្តក្នុងការធ្វើអជីវកម្ម ការលក់និងទីផ្សារ ហិរញ្ញវត្ថុ និងចំណុចធនធានមនុស្សដែលអជីវកម្មនីមួយៗ ត្រូវតែមាន។

ស្ថាបនិកនៃ Home-Ducation បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើឡើងរៀងរាល់ថ្ងៃចន្ទ និងថ្ងៃសុក្រ ដោយគ្រូឧទ្ទេស និងវាគ្មិនកិត្តិយស ផ្ដល់ការបង្រៀនជាដំបូង និងផ្ដល់ឱកាសឱ្យសួរសំណួរ និងស្វែងរកដំណោះស្រាយលើបញ្ហាដោយផ្ទាល់៕