(ភ្នំពេញ)៖ បុគ្គលិករដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ រួមទាំងអ្នកបើកបរ បានចូលរួមវគ្គបណ្តុះបណ្តាលអប់រំកម្មវិធីអប់រំផ្សព្វផ្សាយ ស្តីពីការរក្សាអនាម័យ និងវិធានការបង្ការជំងឺឆ្លង ក្រោមទិសស្លោក «គ្មានការចម្លងមេរោគកូវីដ១៩ ពីអ្នកបើកបរ និងអ្នកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ» ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA)។

កម្មវិធីអប់រំនេះ បាននិងកំពុងធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោក អ៊ាន សុឃីម អភិបាលនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ ស្ថិតនៅរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង។

ថ្លែងក្នុងពិធីបើក លោក អ៊ាន សុឃីម បានឲ្យដឹងថា សេវារថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងអនុញ្ញាតឲ្យដាក់អ្នកដំណើរត្រឹមតែ ២០នាក់ប៉ុណ្ណោះ ក្នុង១គ្រឿង បើត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ អំឡុងពេលមានវិបត្តិនៃជំងឺកូវីដ១៩។ ប៉ុន្តែ កាលបរិច្ឆេទនៃការបើកឲ្យដំណើរការឡើងវិញ មិនទាន់ត្រូវបានកំណត់ឡើយ ដោយរង់ចាំគោលការណ៍សិន។

លោកបានឲ្យដឹងថា ពេលបើកដំណើរការសេវារថយន្តក្រុងសាធារណៈឡើងវិញ អំឡុងពេលមានវិបត្តិកូវីដ១៩នេះ គ្រោងនឹងមានវិធានការមួយចំនួន ដើម្បីអនុវត្តក្នុងគោលទប់ស្កាត់ការរាតត្បាតជំងឺនេះ ដែលវិធានការនោះ មានដូចជា៖ ការប្រើប្រាស់ទឹកអាល់កុលសម្រាប់អ្នកដំណើរ, ការវាស់កម្ដៅ, តម្រូវឲ្យពាក់ម៉ាសពេលជិះរថយន្តក្រុង, ការរក្សាគម្លាតរវាងអ្នកជិះ និងអ្នកជិះ និងការដាក់ឲ្យមានប្រដាប់សម្រាប់សម្លាប់មេរោគ នៅក្នុងរថយន្តក្រុងផងដែរ។

អភិបាលនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានបន្ថែមថា កម្មវិធីអប់រំនេះដែរ ត្រូវបានធ្វើឡើងក្នុងគោលបំណងត្រៀមលក្ខណៈឲ្យហើយ ដើម្បីឲ្យបុគ្គលិករដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ មានការយល់ដឹងពាក់ព័ន្ធនឹងវិធានការ ការទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ១៩។ នៅពេលចាប់ផ្តើមដំណើរការរថយន្តក្រុងសាធារណៈឡើងវិញ បុគ្គលិកនឹងយកទៅអនុវត្តន៍ សំដៅធ្វើយ៉ាងម៉េចឲ្យសេវាដឹកជញ្ជូនសាធារណៈនេះ ដំណើរការបានល្អ ហើយប្រជាពលរដ្ឋប្រើប្រាស់ប្រកបដោយសុវត្ថិភាព។

លោក អ៊ាន សុឃីម បានបន្តថា ពាក់ព័ន្ធនឹងប្រតិបត្តិការនេះដែរ បើមានការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំនៅកម្ពុជា (JICA) គ្រោងមានការជួយឧបត្ថម្ភដូចជា របាំងមុខសម្រាប់អ្នកបើកបរ, រៀបចំរបាំងរវាងអ្នកបើកបរ និងអ្នកជិះ, ឧបករណ៍វាស់កម្តៅ និងស្រោមដៃផងដែរ។ បច្ចុប្បន្ននេះ រថយន្តក្រុងសាធារណៈមានចំនួន ២៣៥គ្រឿង ប្រតិបត្តិការខ្សែរត់ ១៣ខ្សែ ហើយក្នុងនោះកម្ពុជាបានទទួលពីប្រទេសជប៉ុន ៨០គ្រឿង, ប្រទេសចិនចំនួន ១០០គ្រឿង និងការរៀបចំខ្លួនឯង ៥៧គ្រឿង។

សូមបញ្ជាក់ថា ក្នុងន័យចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានសម្រេចផ្អាកដំណើរការរថយន្តក្រុងទាំងស្រុង ចាប់ពីតាំងពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២០ ដើម្បីបញ្ចៀសការចម្លងជំងឺនេះ តាមរយៈការកាត់បន្ថយការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ អ្នកឆ្លងកូវីដ១៩នៅកម្ពុជាមានចំនួន ១២៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១២២នាក់ និងអ្នកកំពុងសម្រាកព្យាបាល២នាក់៕