(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានផ្សព្វផ្សាយនូវតួលេខចំនួនសត្វគោ ក្របី ជ្រូក និងបក្សី នៅកម្ពុជាថា មានចំនួន៤០លានក្បាល ស្មើនឹងជិត២៥ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកនៅឆ្នាំនេះ។

លោករដ្ឋមន្ត្រីកសិកម្ម បានបង្ហោះក្នុង Facebook ផ្លូវការរបស់ខ្លួនថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា៖ សម្រាប់ឆ្នាំ ២០២០ នេះ កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់សត្វ ដូចខាងក្រោម៖

១៖ ការចិញ្ចឹមគោ និងក្របី៖ មានលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក ៩០,៧១៦តោន ឬប្រមាណ ៨២៤,៦៨៨ក្បាល ដែលនាំយកមកពីកសិដ្ឋាន ចំនួន៣៧កន្លែង ឬស្មើប្រមាណ ១០,០៩៥ក្បាល និងនៅតាមកសិករចិញ្ចឹម ៣,២១៧,០៦២ក្បាល។

២៖ ការចិញ្ចឹមជ្រូក៖ មានលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក ១០៥,៨៧០តោន ឬប្រមាណ ២,១១៧,០០០ក្បាល ដែលនាំមកពីកសិដ្ឋាន ៥៣០កន្លែង ឬស្មើនឹងប្រមាណ ១,១៥៥,៤៣១ក្បាល និងមកពីកសិករចិញ្ចឹម ១,០៣០,៤៩៤ក្បាល។

៣៖ ការចិញ្ចឹមបក្សី៖ លទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក ៤៩,០៦៧តោន ឬស្មើនឹងប្រមាណ ៤០,៨៨៩,០០០ក្បាល ដែលនាំមកពីកសិដ្ឋាន៨២៤កន្លែង ឬស្មើប្រមាណ ១២,៦៣១,៩៧៤ក្បាល ដែលនាំមកពីកសិករចិញ្ចឹម ២៧,៧៦៣,៤៧៩ក្បាល។

លោករដ្ឋមន្ត្រីបន្តថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងការចិញ្ចឹមសត្វរបស់កម្ពុជា ក៏ក្រសួងនៅតែពិនិត្យឃើញថា នៅមានជនខិលខូចមួយចំនួន នៅតែបន្តលួចនាំចូលសត្វខុសច្បាប់ជាបន្តបន្ទាប់ ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឃាត់ចាប់រថយន្តចំនួន០១គ្រឿង ម៉ាក់ HYUNDAI STAREX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AD-3478 បានដឹកកូនជ្រូកចំនួន៤០ក្បាល លើកំណាត់ផ្លូវជាតិ ត្រង់ចំណុចក្បាលស្ពានអូរបីជាន់ ស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជៅ ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនសត្វ ក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថុតាំងដែលមានកូនជ្រូកសរុបចំនួន៤០ក្បាល និងរថយន្តចំនួន០១គ្រឿង ទៅរក្សាទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីច្បាប់៕