(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានណែនាំស្ថានទូតកម្ពុជាប្រចាំនៅក្រៅប្រទេសទាំងអស់ អំពីការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកលែងវិញ្ញាបនបត្របញ្ជាក់សុខភាព សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលធ្វើដំណើរត្រលប់ចូលប្រទេសវិញ និងការបន្តអនុវត្តវិធានការរឹតបន្តឹងការធ្វើដំណើរចំពោះជនបរទេស។

ក្នុងលិខិតណែនាំទៅកាន់ស្ថានទូតខ្មែរធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស បានគូសបញ្ជាក់ថា យោងតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺមិនតម្រូវឱ្យធ្វើវិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មាន មេរោគកូវីដ១៩ នោះឡើយ សម្រាប់អ្នកដំណើរជាជនជាតិខ្មែរកាន់លិខិតឆ្លងដែនរបស់ព្រះរាជាណាចក្រណាចក្រកម្ពុជា។

ក៏ប៉ុន្តែសម្រាប់អ្នកដំណើរបរទេស គឺរក្សាដដែលដូចមានចែងក្នុងសេចក្ដីប្រកាសលេខ១០១ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ វិធានការទាំងនោះរួមមាន៖

* អ្នកដំណើរជាជនបរទេសទាំងអស់ តម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយ រដ្ឋាភិបាលនៃប្រទេសសាម៉ី បញ្ជាក់ថាគ្មានមេរោគកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោង។ បន្ថែមលើសពីនេះ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារអាម៉េរិក ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងវិធានផ្សេងៗទៀតដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា (តម្រូវការនេះមិនសម្រាប់ មន្ត្រីនៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត ប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជាឡើយ)។

* អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។

* ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើន ដែលមានកូវីដ១៩ វិជ្ជមាន រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់តម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅទីតាំង ដែលកំណត់ដោយគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩។

* ក្នុងករណីអ្នកដំណើរទាំងអស់មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថា កូវីដ១៩ អវិជ្ជមាននោះ ពួកគាត់ត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅតាម ផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយតម្រូវឲ្យធ្វើតេស្តបញ្ជាក់ម្ដងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានសម្រេចចេញដំណោះស្រាយថ្មីមួយទៀត ជូនប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរមកប្រទេសកម្ពុជាវិញ គឺមិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ-១៩ទេ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា វិធានការនេះ នឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេស ឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។

យ៉ាងណាក៏ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់ពលរដ្ឋខ្មែរមកពីក្រៅប្រទេសតម្រូវឱ្យចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ រង់ចាំលទ្ធផលសំណាកថា តើមានរោគឆ្លងឬអត់? ទើបអនុញ្ញាតឱ្យទៅលំនៅដ្ឋានវិញ៕