(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំនៅកម្ពុជា លោក Ermenegildo Lopes បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិធានការ និងចំណាត់ការប្រកបដោយប្រសិទ្ធភាពខ្ពស់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនឱ្យរីករាលដាលខ្លាំង។

ការកោតសរសើររបស់លោកឯកអគ្គរដ្ឋទូតដែលទើបចូលខ្លួនមកបំពេញការងារនៅក្នុងប្រទេសកម្ពុជារូបនេះ បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។

លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា ការមកបំពេញការងាររបស់លោកនៅកម្ពុជានាពេលនេះ ជាពេលវេលាលំបាកមួយ ព្រោះជាពេលវេលាដែលពិភពលោកកំពុងជួបវិបត្តិពីការរីករាលដាលនៃជំងឺកូវីដ១៩។ បើទោះពីយ៉ាងនេះក្តី សម្រាប់ការបំពេញបេសកកម្មការងារនៅកម្ពុជា លោកឯកអគ្គរដ្ឋទូតពុំមានការព្រួយបារម្ភចំពោះការយាយីរបស់ជំងឺកូវីដ១៩នេះ មកលើសុខភាពរបស់លោកនោះឡើយ។

ការមិនព្រួយបារម្ភព្រោះតែលោក បានមើលឃើញពីភាពប្រាកដនិយម និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះការដាក់ចេញវិធានការរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ។ នេះជាលើកឡើងរបស់លោក Ermenegildo Lopes ក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកទូត បានអះអាងថា និស្សិត និងមន្ត្រីរបស់ស្ថានទូតទីម័រខាងកើតទាំងអស់ បានទទួលបានសុវត្ថិភាពល្អ ហើយក៏មានសុខភាពល្អមិនមានការបារម្ភពីជំងឺកូវីដ១៩នោះទេ។ លោកឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ១៩នេះផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈបទពិសោធន៍កន្លងមក ការទប់ស្កាត់ជំងឺកូវីដ១៩នេះ គឺមិនសំអាងទៅលើបច្ចេកវិទ្យាខ្ពស់ទេ តែត្រូវពឹងផ្អែកទៅលើសមត្ថភាពនៃការគ្រប់គ្រង។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណ ដល់ប្រទេសទីម័រខាងកើតដែលបានផ្ដល់នូវម៉ាស់ ជូនកម្ពុជា ដើម្បីចូលរួមការទប់ស្កាត់នៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា មកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១២៤នាក់។ ក្នុងនោះ ១២២នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយអស់ហើយ នៅសល់តែ២នាក់ទៀតប៉ុណ្ណោះ។ អ្នកជំងឺពីរនាក់ចុងក្រោយ ជាការនាំចូលពីក្រៅប្រទេស ហើយពួកគេកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រុមគ្រូពេទ្យ៕