Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ជំរុញឱ្យរដ្ឋមន្រ្តី​២រូប ពន្លឿន​ការរៀបចំ​កំណត់តម្លៃ និងការធ្វើប័ណ្ណ​សំគាល់​យានយន្ត និងប័ណ្ណបើកបរ​ជូនពលរដ្ឋ

15-01-2016 17:35

(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញដល់រដ្ឋមន្រ្តីក្រសួងចំនួន២ ឱ្យពន្លឿនការកំណត់តម្លៃ និងនីតិវិធី នៃការធ្វើប័ណ្ណសំគាល់យានយន្ត និងការធ្វើប័ណ្ណបើកបរជូនប្រជាពលរដ្ឋ ។

យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានប្រគល់ភារកិច្ច ជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក អូនព័ន្ធ មុនីរ័ត្ន និងរដ្ឋមន្រ្តីក្រសួងសាធារណការ លោក ត្រាំ អ៊ីវតឹក ឱ្យរៀបចំកំណត់ឱ្យបានឆាប់រហ័សនូវតម្លៃ និងនីតិវិធី នៃការធ្វើបណ្ណសំគាល់យានយន្ត, ការត្រួតពិនិត្យបច្ចេកទេសយានយន្ត និងការធ្វើបណ្ណបើកបរជូនប្រជាពលរដ្ឋ។

សូមជំរាបថា សមត្ថកិច្ចនឹងចាប់ផ្តើមត្រួតពិនិត្យ និងផាកពិន័យ លើឯកសារយានយន្តឡើងវិញទៅតាមច្បាប់ចរាចណ៍ផ្លូវគោកថ្មី ក្នុងនោះមានទាំងការត្រួតពិនិត្យបណ្ណបើកបរផងដែរ ចាប់ពីពាក់កណ្តាលខែមីនា ខាងមុខនេះតទៅ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមិនមានឯកសារយានយន្តគ្រប់គ្រាន់តាមច្បាប់ ទៅបំពេញបែបបទស្របច្បាប់របស់ខ្លួន ឱ្យបានមុនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ដើម្បីជៀសវាងការផាកពិន័យផងដែរ៕