(ភ្នំពេញ)៖ ដើម្បីសម្រួលឲ្យកាន់តែងាយស្រួលដល់កសិករ ម្ចាស់សហគ្រាស ក្នុងការទទួលបាននូវឥណទានមានការប្រាក់ទាប នៃគម្រោងហិរញ្ញប្បទានពិសេស៥០លានដុល្លារ របស់រាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តធ្វើទំនើបកម្ម តាមរយៈការសហការជាមួយដៃគូផ្សេងៗ ធ្វើយ៉ាងណាជំរុញឱ្យបេសកកម្ម របស់ធនាគារកាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកម្មវិធីចុះអនុស្សារណៈចំនួនពីរ និងធ្វើសន្និសីទសារព័ត៌មានរួមគ្នារវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងរវាងធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយក្រុមហ៊ុន ខេម-បូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី ក្រោមអធិបតីភាពលោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ដោយកំណើនអតិថិជន ដែលទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានកំណើនពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសឥណទានខ្នាតតូច ដែលបានផ្តល់ជូនដល់ប្រជាកសិករនៅជនបទ ដោយអត្រាការប្រាក់ទាប មានចំនួនកាន់តែច្រើន ដើម្បីសម្រួលដល់ការបង់ប្រាក់ដើម និងការប្រាក់ របស់អតិថិជនមកកាន់ធនាគារ ឱ្យកាន់តែងាយស្រួលជាងមុន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានព្រមព្រៀងចុះហត្ថលេខា ជាមួយធនាគារឯកទេសវីង ក្នុងគោលបំណងសំខាន់គឺ ៖

* ផ្តល់សេវាទូទាត់អេឡិចត្រូនិច តាមរយៈធនាគារវីង ដើម្បីសម្រួលឱ្យអតិថិជនរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បង់សងប្រាក់ដើម និងការប្រាក់សងត្រឡប់មកធនាគារវិញទាន់ពេល។

* ផ្តល់សុវត្ថិភាព និងភាពរហ័សទាន់ចិត្ត កាត់បន្ថយការចំណាយពេលវេលា ការធ្វើដំណើរហូបចុក ស្នាក់នៅរបស់អតិថិជន នៅពេលគាត់ត្រូវមកបង់ប្រាក់ដើម ឬការប្រាក់នៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

* ជំរុញអតិថិជនរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ងាកមកប្រើប្រាស់សេវា Digital Banking ស្របតាមនិន្នាការនយោបាយរបស់រាជរដ្ឋាភិបាល (Digital Economy)។

ដោយឡែកសម្រាប់ការចុះអនុស្សារណៈរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី ក្នុងគោលបំណងដើម្បី៖

* ផ្តល់កិច្ចសហប្រតិបត្តិការជួយផ្តល់ព័ត៌មានពីអ្នកខ្ចីប្រាក់ និងការធានាសងបំណុលជំនួស ម្ចាស់សិប្បកម្ម សហ-គ្រាសធុនតូច និងមធ្យម (SME) ។
* ជួយដល់ SME ដែលខ្វះទ្រព្យធានាបំណុល អាចទទួលបានឥណទានបន្ថែម សម្រាប់ពង្រីកអាជីវកម្ម។
* បង្កើនទំនាក់ទំនង រវាង SME និងតភ្ជាប់តួអង្គ អ្នកផលិត អ្នកកែច្នៃ និងអ្នកប្រមូលទិញ ទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ជាមូលដ្ឋានវាយតម្លៃលើការផ្តល់ឥណទាន។ ល។

ជាមួយគ្នានេះ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានលើកឡើងពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស៥០ លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយពង្រីកវិសាលភាពគ្របដណ្តប់ និងកែសម្រួលលក្ខខណ្ឌឥណទានដូចជា៖

* បន្ថយអត្រាការប្រាក់សម្រាប់កម្ចីទុនបង្វិល (Working Capital) ពី ៦% មក ៥% និង សម្រាប់ទុនវិនិយោគ ពី ៦.៥% មក៥.៥% ដោយមិនគិតកម្រៃសេវាផ្សេងៗ។

* កែសម្រួលរយៈពេលឥណទានអតិបរមាពី ៥ឆ្នាំ ទៅ៧ឆ្នាំ សម្រាប់ទុនវិនិយោគ ខណៈរក្សាទុក រយៈពេលខ្ចី អតិបរមា២ឆ្នាំ សម្រាប់ទុនបង្វិល។

* បន្តមិនអនុញ្ញាតឱ្យអតិថិជន ដែលទទួលកម្ចីនៅក្នុងកម្មវិធីពិសេសនេះ យកកម្ចីទៅប្រើប្រាស់ធ្វើ បុនហិរញ្ញប្បទាន (Refinancing)។

* ផ្តល់ភាពទន់ភ្លន់លើលក្ខខណ្ឌចុះបញ្ជី ដែលក្នុងនោះ សហគ្រាសធុនតូច និងមធ្យម ដែលមិនទាន់ចុះបញ្ជីផ្លូវការ អាចដាក់ពាក្យស្នើសុំឥណទានបាន ដោយបំពេញលក្ខខណ្ឌចុះបញ្ជីតាម ក្រោយក្នុងរយៈពេល១ខែ បន្ទាប់ពីទទួលបានឥណទាន។

* កែសម្រួលលក្ខខណ្ឌតម្រូវឲ្យ «សហគ្រាសធុនតូច និងមធ្យម បង្កើតឱកាសការងារថ្មីចាប់ពី៥នាក់ឡើងទៅ» ទៅជា «លើកទឹកចិត្តឲ្យសហគ្រាសធុនតូច និង មធ្យម ដែលទទួលបានឥណទាន ខិតខំបង្កើតឱកាសការងារថ្មី»។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលគម្រោងហិរញ្ញប្បទានពិសេស ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដើម្បីផ្តល់ឥណទានមានការប្រាក់ទាប គំាទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម សហគមន៍កសិកម្ម ក្រុមអ្នកផលិត និងម្ចាស់កសិដ្ឋានខ្នាតមធ្យម-ធំ នៅទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្ម ក្នុងវិស័យកសិកម្ម ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល។

បើតាមការបញ្ជាក់របស់លោក កៅ ថាច គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានសំណើស្នើសុំឥណទាន ចំនួន២៣២សំណើ គិតជាទំហំទឹកប្រាក់ប្រមាណ២៥លានដុល្លារ ហើយធនាគារកំពុងពិចារណា និងសិក្សាលើសំណើចំនួន៦៥ ដែលមានទំហំទឹកប្រាក់ប្រមាណ២.៤លានដុល្លារអាមេរិក៕