(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ដែលជាជំនួយឧបត្ថម្ភរបស់ (អង្គការមួយសម្រាប់មួយ) ជូនដល់បង-ប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០គ្រួសារ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

កម្មវិធីមនុស្សធម៌នេះ ក៏មានការចូលរួមពីឧកញ៉ា ស៊ា សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោក-លោកស្រី អភិបាលរងខណ្ឌ, ប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ, ប្រធាន (អង្គការមួយសម្រាប់មួយ) និងសហការី ព្រមទាំងចៅសង្កាត់ និងក្រុមការងាររដ្ឋបាលសង្កាត់ទួលសង្កែទី១ ផងដែរ ដែលបានរៀបចំឡើងនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

ជាកិច្ចស្វាគមន៍នាឱកាសនេះ លោក ជា ពិសី បានផ្ដាំផ្ញើថា បច្ចុប្បន្ននេះបញ្ហា ជំងឺ Covid-19 លើសកលលោកពុំទាន់មានការថមថយនៅឡើយទេ ហើយសម្រាប់ប្រទេសកម្ពុជារបស់យើង កន្លងមកបានព្យាបាល ជាសះស្បើយ អ្នកជំងឺ Covid-19 បាន១០០% ដែលទើបតែថ្មីៗនេះប៉ុណ្ណោះ មានករណីជំងឺ Covid-19 បានឆ្លង ១ករណីថ្មីទៀត គួរតែយើងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហានេះ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ គឺត្រូវអនុវត្តទៅតាមការនែនាំរបស់ក្រសួងសុខាភិបាល។

លើសពីនេះ លោកអភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋនៃកម្ពុជា បានផ្ដាំផ្ញើទៀតថា ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីក្រោមឱវាទ សំខាន់ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាជីវភាពរស់នៅរបស់បង-ប្អូនប្រជាពលរដ្ឋ ក្រីក្រនៅតាមមូលដ្ឋានរបស់ខ្លួន ក្រៅពីការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺCovid-19 ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ គឺត្រូវអនុវត្តទៅតាមការនែនាំរបស់ក្រសួងសុខាភិបាល៕