(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន អំពាវនាវឲ្យអាជ្ញាធក្នុងមូលដ្ឋានយកចិត្តទុកដាក់ពង្រឹងសន្តិសុខបន្ថែមទៀត ដើម្បីកាត់បន្ថយបទល្មើសផ្សេងៗនៅក្នុងខណ្ឌទាំងមូល ជាពិសេសត្រូវពិនិត្យមើល ទីតាំង ល្បែងហ្គេមគ្រប់ប្រភេទ និងទីតាំងបញ្ចាំដែលទទួលបញ្ចាំគ្មានលិខិតស្នាមច្បាស់លាស់ដែលជាប្រភពនាំឲ្យមានអសន្តិសុខ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។

លោក ថេង សុថុល បានបន្ថែមឲ្យដឹងថា ពាក់ព័ន្ធនិងហ្គេមល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងនាមជាអាជ្ញាធត្រូវតែបន្តបង្ក្រាបបន្ថែមទៀត ជាពិសេសស្របពេលដែលមានជំងឺកូវីដ១៩ កើតឡើងគឺមិនត្រូវឲ្យមានការប្រមូលផ្តុំជួបជុំគ្នាលេងល្បែងជាដាច់ខាត ដូច្នេះគឺត្រូវតែបន្តបង្ក្រាបជាដាច់ខាតមិនឲ្យកើតមាននៅក្នុងមូលដ្ឋាន។

លោក ថេង សុថុល ក្នុងនាមគណៈអភិបាលខណ្ឌ ក៏បានណែនាំឲ្យលោកចៅសង្កាត់ទាំង៥ និងការិយាល័យ ពាក់ព័ន្ធត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពឡើងវិញទីតាំងដាក់បញ្ចាំ។

លោកអភិបាលខណ្ឌចំការមន បញ្ជាក់ថា ទីតាំងហាងបញ្ចាំខ្លះ ទទួលបញ្ចាំ សម្ភារដែលគ្មានលិខិតបញ្ជាក់ច្បាស់លាស់ មានជនប្រព្រឹត្តបទល្មើសយកម៉ូតូរឺរបស់របរផ្សេងៗ ទៅបញ្ចាំដោយគ្មានកាតគ្រីសម្គាល់ និងពាក់ព័ន្ធករណីចោរកម្មជាដើម។

លោក ថេង សុថុល បានបន្ថែមថា ក្នុងនាមជាអាជ្ញាធត្រូវតែត្រួតពិនិត្យទីតាំងទាំងនោះជាប្រចាំឲ្យបានតឹងតែងជៀសវាងមានបញ្ហានៅពេលក្រោយ។

គួរបញ្ជាក់ថា កិច្ចប្រជុំមានការចូលរួមពីអធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង ១១ លោកចៅសង្កាត់ទាំង ០៥ និងនាយប៉ុស្ដិ៍នគរបាលសង្កាត់ទាំង ០៥ផងដែរ ក្នុងកិច្ចប្រជុំបានលើកយកបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់ ផ្សព្វផ្សាយអំពីសេចក្ដីណែនាំលេខ ០០៧/២០ សណន ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញនិងបញ្ហាអនាម័យ បរិស្ថានទូទាំងខណ្ឌចំការមនផងដែរ៕