(ត្បូងឃ្មុំ)៖ ដោយមានការអនុញ្ញាតពី លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅថ្ងៃទី២៥-២៩ ខែឧសភា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋាន ក.ជ.ក និងក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្តីពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារ (OCSE) បានចុះសួរសុខទុក្ខ និងចែកសម្ភារដល់គ្រួសារកុមារក្រីក្រ ចំនួន១០០គ្រួសារ នៅឃុំកោងកាង ឃុំដូនតី និងឃុំកណ្តោលជ្រុំ ខេត្តត្បូងឃ្មុំ។

ការចែកអំណោយ និងសួរសុខទុក្ខនេះ មានគោលបំណងដើម្បីលើកកម្ពស់ ការទប់ស្កាត់ ការពារកុមារ និងក្រុមគ្រួសារ នៅតាមសហគមន៍ ជៀសផុតពីការឆ្លងមេរោគ COVID-19 ដែលកម្មវិធីនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការដែនដីមនុស្ស-ប្រទេសហូឡង់ និងអង្គការឆាលហ្វាន់កម្ពុជា។

គួរជម្រាបថា ពលរដ្ឋទាំង១០០គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម ត្រីខ១០កំប៉ុង ប្រេងឆា១ដប ចំណុះ២លីត្រ មី១កេស ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ អំបិល២គីឡូក្រាម សាប៊ូម្សៅ១គីឡូក្រាម សាប៊ូ លាងដៃ ៤ដុំ និងក្រម៉ា០១៕