(ភ្នំពេញ)៖ រាជរដ្ឋាភិបាលថៃ បានផ្តល់ថវិកាប្រមាណ ២លានបាត ស្មើនឹងជាង៦ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការផ្តល់ថវិកាបង្ហាញពីសមានចិត្តរបស់រាជរដ្ឋាភិបាលក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា និងជាការបង្ហាញឱ្យឃើញពីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងខួបទំនាក់ទំនងការទូត ៧០ឆ្នាំរវាងប្រទេសទាំងពីរផងដែរ។

ថវិកាជំនួយរបស់រាជរដ្ឋាភិបាលថៃ ត្រូវបានលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។

ក្រៅពីការផ្តល់ថវិកាជាជំនួយ ក៏ដូចជាជំនួបសម្តែងការគួរសមនេះ សម្តេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរាជទូតថៃ បានជជែកគ្នាច្រើនលើបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ ក៏ដូចជាការដាក់ចេញនូវវិធានការទាំងឡាយ ដើម្បីរួមគ្នាដោះស្រាយបញ្ហា។

លោកឯកអគ្គរាជទូតថៃ បានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានដាក់ចេញវិធានការប្រកបដោយភាពប្រាកដនិយម ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ លោកបានលើកឡើងថា វិធានការដែលសម្តេចបានដាក់ចេញ គឺមានប្រសិទ្ធិភាពខ្ពស់ ហើយបានទប់ស្កាត់ មិនឱ្យមានការរាតត្បាតខ្លាំង។

ឆ្លៀតក្នុងឱកាសនេះលោកឯកអគ្គរាជទូត បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ អំពីសកម្មភាពរបស់ស្ថានទូតក្នុងកំលុងពេលរាតត្បាតនៃជំងឺកូវីដ១៩នេះ។ លោកទូតបានលើកឡើងថា ក្នុងកំលុងពេលនេះស្ថានទូត បានធ្វើការជាមួយបណ្តាក្រុមហ៊ុនថៃនៅកម្ពុជា ដោយបានណែនាំឱ្យក្រុមហ៊ុនទាំងនោះ កុំមានការតម្លើងតម្លៃទំនិញនៅកម្ពុជា។ ស្ថានទូតក៏បានធ្វើការជាមួយក្រុមហ៊ុនទាំងនោះ ធ្វើសកម្មភាពមនុស្សធម៌ចែករំលែកសម្ភារៈអនាម័យ ដែលមានជាម៉ាស់ជាដើម ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩នៅកម្ពុជា។

ស្ថានទូត ក៏បានណែនាំឱ្យក្រុមហ៊ុនរបស់ថៃទាំងអស់ ចូលរួមគោរពនូវគោលការណ៍ទាំងឡាយរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញមក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ជាកិច្ចឆ្លើយតបចំពោះសមានចិត្តរបស់រាជរដ្ឋាភិបាលថៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនថៃ ដែលបានផ្តល់ជំនួយ និងចូលរួមសហការ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយកម្ពុជា។ សម្តេចតេជោ បានចាត់ទុកកាយវិការរបស់រាជរដ្ឋាភិបាលថៃ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីសាមគ្គីភាព រវាងកម្ពុជា និងថៃ។

ក្នុងឱកាសនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវិធានការ ដែលរាជរដ្ឋាភិបាលថៃ បានដាក់ចេញក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសរំលេចដែរថា វិធានការទាំងឡាយ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃ គឺមានភាពប្រាកដនិយម។ ជាសាក្ខីភាពចំពោះវិធានការមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលថៃនោះ គឺពេលប្រជាជនកម្ពុជា ធ្វើដំណើរឆ្លងកាត់ព្រំប្រទល់ថៃមកកាន់កម្ពុជា ក្នុងរយៈពេលកន្លងមកជាង៩ម៉ឺននាក់ ពុំមាននរណាម្នាក់ឆ្លង ឬក៏នាំយកមកនូវជំងឺកូវីដ១៩ មកកាន់កម្ពុជានោះទេ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា តាមទិដ្ឋភាពនេះជាការឆ្លុះបញ្ចាំងមួយថា ប្រទេសថៃ មិនមែនជាប្រទេសដែលចម្លងជំងឺកូវីដនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៅភាគីថៃ ពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតកម្ពុជា នៅក្នុងប្រទេសថៃ ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយថៃផងដែរ។ សម្តេចតេជោបានបញ្ជាក់ថា ឯកអគ្គរាជទូតកម្ពុជានៅប្រទេសថៃ កំពុងតែធ្វើការជាមួយប្រជាជនកម្ពុជា ដែលកំពុងរស់នៅប្រទេសថៃ ធ្វើយ៉ាងណាចូលរួមអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលថៃ ដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

បន្ថែមពីលើនេះ ថ្ងៃនេះសម្តេចទើបនឹងបានសម្រេចឱ្យប្រជាជនកម្ពុជា ដែលកាន់លិខិតឆ្លងដែនកម្ពុជា អាចវិលត្រឡប់មកកម្ពុជាវិញ ដោយមិនតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពនោះទេ។ ប៉ុន្តែត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលពេលមកដល់កម្ពុជាវិញ។

សម្តេចតេជោ បានមានប្រសាសន៍ដែរថា នាពេលនេះជាពេលវេលាត្រូវរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ ដែលសត្រូវគ្មានស្រមោល។

ក្នុងជំនួបនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានឆ្លៀតថ្លែងអំណរគុណលោកឯកអគ្គរាជទូត ដែលបានអញ្ជើញគោរពវិញ្ញាណក្ខន្ធម្តាយក្មេករបស់សម្តេច ហើយបាននាំនូវសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអ៊ូចា ជូនសម្តេច និងក្រុមគ្រួសារ៕