(ព្រៃវែង)៖ លោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំ ប្រគល់ថវិកាវិភាគទាន របស់សប្បុរសជន ដែលបានចូលរួមចំណែក ជាមួយនិងការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដើម្បីអបអរខួបទី១៥៧ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០។

ថ្លែងនៅក្នុងឱកាសនោះ លោក ជា សុមេធី បានលើកឡើងថា ទាំងនេះ គឺជាកាយវិការទឹកចិត្ត ស្មោះសររបស់ សប្បុរជនដែលបានចូលរួមចំណែក ជាថវិកាក្នុងការ ចូលរួមជាទឹកចិត្តមនុស្សធម៌ ជាមួយនឹងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលគាត់ជួបបញ្ហាផ្សេងៗ មានស្ត្រីមេម៉ាយ ក្រីក្រមានកូនច្រើន ចាស់ជរាគ្មានទីពឹង ជនពិការ កុមារងាយរងគ្រោះ ដោយសារមេរោគអេដស៍ គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

លោកបន្តទៀតថា សាខាកាកបាទក្រហមកម្ពុជាខេត្ត និងនាំយកថវិកាទាំងអស់នេះ ជួយដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ជួបទុក្ខលំបាក ទៅតាមខ្នងផ្ទះនោះផងដែរ។

លោកជា សុមេធី សូមអំពាវនាវដល់បងប្អូនសប្បុរសជនទាំងអស់ ត្រូវតែបន្តចូលរួមផ្សព្វផ្សាយ អំពីបញ្ហាជំងឺកូវីដ១៩ ជាបន្តទៀត ព្រោះបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក មិនទាន់ព្យាបាលជាសះស្បើយអស់នៅឡើយទេ ទាំងនេះគឺជាការព្រួយបារម្ភរបស់រាជរដ្ឋាភិបាល ចំពោះរលកទី២ នៃជំងឺកូវីដ១៩ មកប្រជាពលរដ្ឋកម្ពុជា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ធ្វេសប្រហែស ដោយមិនមានការប្រុងប្រយ័ត្នខ្ពស់នោះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ។

សូមជម្រាប ថវិកាវិភាគទានរបស់សប្បុរសជន បានចូលរួមអបអរខូបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ជូនដល់សាខាកាកបាទក្រហមខេត្ត បានចំនួន២៥លាន១៧ម៉ឺនរៀល និង១៧,២៩០ដុល្លារសហរដ្ឋអាមេរិក៕