(ស្ទឹងត្រែង)៖ ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម ព្រះតេជគុណព្រះភិក្ខុចន្ទត្ថេរោ ហឹុម ចាន់ ព្រះចៅអធិការវត្តពោធិ៍ញ្ញាណ ហៅវត្តព្រះអង្គធំ និងជាព្រះវិន័យធម៌ស្ទឹងត្រែង បានប្រគេនអំណោយមនុស្សធម៌ ដល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ដើម្បីបន្តយកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា និងជនងាយរងគ្រោះ។

ពិធីប្រគេនអំណោយមនុស្សធម៌នេះ បានធ្វើឡើងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ នៅបរិវេណវត្តពោធិញ្ញាណ ក្រោមវត្តមានលោក ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និងមានការចូលរួមពីលោក លោកស្រីអនុកម្មាធិការសាខា ប្រធាន អនុប្រធាន ប្រតិបត្តិសាខា និងសមាជិកសមាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនរូប។

ព្រះតេជគុណ ហឹុម ចាន់ មានសង្ឃដីកាថា អំណោយមនុស្សធម៌ដែលផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាពេលនេះ គឺជាសទ្ធារបស់ពុទ្ធបរិស័ទទាំងជិតទាំងឆ្ងាយដែលបានប្រគេនជូនមកវត្ត ដើម្បីប្រើប្រាស់ក្នុងវត្ត។

ព្រះតេជគុណ ហឹម ចាន់ បានមានសង្ឃដីកាបន្តថា ព្រះពុទ្ធសាសនារបស់រដ្ឋ និងតែងតែចូលរួមក្នុងកិច្ចការសង្គម សកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រពលរដ្ឋដែលក្រីក្រ ជនពិការ ជនរងគ្រោះ កុមារកំព្រា និងស្រ្តីមេម៉ាយ ទើបព្រះតេជគុណនាំយកនូវសម្ភារទាំងអស់នេះ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង យកទៅចាត់នឹងចែងប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌តាមសេចក្តីត្រូវការ។

នាឱកាសនោះដែរ ម៉ុម សារឿន បានថ្លែងអំណរអរព្រះគុណដល់ ព្រះតេជគុណ ហឹុម ចាន់ ដែលជាព្រះចៅអធិការវត្តអង្គធំ ខេត្តស្ទឹងត្រែង និងពុទ្ធបរិស័ទចំណុះជើង ដែលបាលចូលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម ស្របពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបានអំពាវនាវដល់សប្បុរសជនជួយបរិច្ចាគជាធនធានថវិកា និងសម្ភារផ្សេងៗ គាំទ្រដល់សកម្មភាពមនុស្សធម៌។

គួរបញ្ជាក់ផងដែរ អំណោយដែលផ្តល់ជូន មកដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត នាឱកាសនោះរួមមាន៖ អង្ករ ១តោន, មី ៣០ កេស, និងសម្ភារបរិក្ខាជាច្រើនទៀតសរុប ២៨មុខផងដែរ៕