(ភ្នំពេញ)៖ ក្រុមអ្នកជួលផ្ទះមួយកន្លែងស្ថិតនៅក្រុមទី៨ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានឯកភាពរុះរើសំណង់ផ្ទះ និងរបងធ្វើអំពីឥដ្ឋចេញដោយខ្លួនឯងជាស្ថាពរ ក្រោយពីម្ចាស់ដី និងម្ចាស់សំណង់ឈ្មោះ ឡុង ឈាន់ រឹងរូសមិនព្រមរុះរើចេញ តាមសេចក្ដីជូនដំណឹងចំនួន ៤លើក របស់រដ្ឋបាលខណ្ឌ ដែលប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ និងប៉ះពាល់ដល់ការសាងសង់អគារ និងបរិវេណជុំវិញសាលពិព័រណ៌អន្តរជាតិសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អ៊ីរ៉ុប លើកទី១៣។

ការឯកភាពរុះរើសំណង់ផ្ទះ និងរបងធ្វើអំពីឥដ្ឋចេញដោយខ្លួនឯងចេញនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ក្រោយពីកម្លាំងចម្រុះ​ជាច្រើននាក់ របស់គណៈបញ្ជាការឯកភាព ខណ្ឌជ្រោយចង្វារ ក្រោមការបញ្ជាផ្ទាល់ដោយលោក ឃ្លាំង ហួត អភិបាលខណ្ឌ និងដឹកនាំផ្ទាល់ដោយលោក ហ៊ុយ សារុណ អភិបាលរងខណ្ឌ មានទាំងការចូលរួមពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងនោះ បានចុះប្រតិបត្តិការក្ដៅក្នុងការរុះរើចេញដាច់ខាត។

សូមបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានចេញលិខិតស្ដីពីការដោះស្រាយផលប៉ះពាល់ដីធ្លីរបស់ឈ្មោះ ឡុង ឈាន់ ស្ថិតនៅក្រុមទី៨ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ បានជម្រាបមកលោកអភិបាលខណ្ឌជ្រោយចង្វារថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតលេខ ២៦២/២០ ឆត.ច ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឲ្យអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់របងធ្វើអំពីឥដ្ឋ និងឈូសឆាយពង្រាបដីមានទីតាំង ស្ថិតនៅក្រុម៨ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ របស់ឈ្មោះ ឡុង ឈាន់ ដែលប៉ះពាល់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ជាពិសេសប៉ះពាល់ដល់ការសាងសង់អាគារ និងបរិវេណជុំវិញសាលពិពណ៌អន្តរជាតិសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អ៊ីរ៉ុប លើកទី១៣ ដោយផ្ដល់សំណងតាមគោលនយោបាយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ជូន។

ខ្លឹមសារលិខិតរបស់អភិបាលរាជធានីភ្នំពេញដដែលនេះបញ្ជាក់ថា ដើម្បីពន្លឿនការសាងសង់ឲ្យបានទាន់ពេលវេលាតាមការគ្រោងទុកនោះ ស្នើលោកអភិបាលខណ្ឌ ជ្រោយចង្វារ អនុវត្តឲ្យបានតាមស្មារតីលិខិតលេខ២៦២/២០ ឆត.ច ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវរាយការណ៍ ពីលទ្ធផលមករដ្ឋបាលរាជធានីភ្នំពេញវិញ៕