(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី២៧ ខែឧសភា ឆ្នា២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តកំពត ដោយចូលរួម ពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងកិច្ចប្រជុំនោះ ក្រុមការងារផ្ដោតសំខាន់ពិនិត្យ និងពិភាក្សា ដើម្បីរិះរកវិធានការ បង្ការ ទប់ស្កាត់ និងការបង្ក្រាបរាល់បទល្មើសដែលបានបង្កឡើងក្នុងសកម្មភាពរូបភាព ទន្ទ្រានកាន់កាប់ ឬធ្វើសកម្មភាពទាំងឡាយ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ក្នុងតំបន់ដីហាមឃាត់ដោយច្បាប់ នៅឆ្នេរសមុទ្រក្នុងខេត្តកំពត ប្រកបដោយលទ្ធផល និងមានប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំនេះដែរ វាពាក់ព័ន្ធនឹងរបាយការណ៍ ចុះសិក្សាស្រាវជ្រាវជាក់ស្ដែងរបស់ក្រុមការងារគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរខេត្តកំពតស្ដីពី ករណីទីតាំងបូមខ្សាច់ លុបអាងស្តុកទឹក ឬស្រែអ៊ូ សម្រាប់ផលិតអំបិល នៅមណ្ឌលបឹងទូក ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

ក្រុមការងារ បានលើកយកមកបង្ហាញជូនដល់កិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងពិភាក្សារកវិធានការដោះស្រាយ ក្នុងនោះក្រុមការងារ បានសម្រេចជាគោលការណ៍ដាក់ជូនគណៈអភិបាលខេត្ត ក្នុងការតាមដានត្រួតពិនិត្យ និងហាមធ្វើអសកម្មភាពបន្ថែមទៀត និងការកាយដីចេញពីផ្លូវទឹក ដែលបានចាក់លុប និងរុះរើតូបកំសាន្ត ព្រមទាំងនៅចំពោះមុខ ឲ្យម្ចាស់ដីរង់ចាំផែនទីដីរួមមួយ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត និងការសម្រេចពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាដើម្បីសម្រេច។

លោកអភិបាលខេត្ត ជាវ តាយ បានលើកបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តកំពត បច្ចុប្បន្នមានប្រវែង ៦៦,៥គីឡូម៉ែត្រ ក្នុងនោះត្រូវបានរងការរំលោភបំពាន ទន្ទ្រានកាន់កាប់ខុសច្បាប់ ពីសំណាក់ជនល្មើសមួយចំនួន ដែលបានបង្កឡើងដោយមានការកាប់ព្រៃកោងកាង និងចាក់ដីលុបផ្លូវទឹកជាបន្តបន្ទាប់ ពីកន្លែងមួយទៅកន្លែងមួយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដែលសកម្មភាពបែបនេះ ជាបញ្ហាមួយបានធ្វើឱ្យរដ្ឋបាលខេត្តត្រូវតែមានការយកចិត្តទុកដាក់ ចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់។

លោកថា មន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរក្រុងស្រុកពាក់ព័ន្ធ ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ត្រូវតែរួមសហការគ្នា ជាវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងឡាយនោះ ឲ្យទទួលបានលទ្ធផល និងមានប្រសិទ្ធភាពផ្អែកលើផ្លូវច្បាប់៕