(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋម ន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

កម្មវិធីនេះ បានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ អភិបាលរាជធានី/ខេត្ត ព្រមទាំងអង្គការសង្គមស៊ីវិលដែលធ្វើការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួយដូរមនុស្ស យ៉ាងច្រើនផងដែរ។

បើយោងតាមរបាយការណ៍នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលប្រមូលបានពីមន្ត្រីជំនាញរបស់នាយកដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ទូទាំងប្រទេសបានបង្ហាញអំពីលទ្ធផលនៃការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទថា មានភាពល្អប្រសើរជាងមុន បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨។

* សម្រាប់ការបង្ក្រាប និងសង្គ្រោះជនរងគ្រោះ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ចំនួន២២ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩ លើ១៣៤ករណី មានការកើនឡើង ៣៥ករណី ស្មើនឹង ២៦.១១ភាគរយ ឃាត់ខ្លួនបានជនសង្ស័យចំនួន ២២៩ លើ២២៤នាក់ ក្នុងនោះមានស្ត្រី ៧២នាក់ ក្នុងនោះជនសង្ស័យជាអនីតិជន ចំនួន ១១នាក់ និងជនបរទេសចំនួន ៤០នាក់ មាន៧សញ្ជាតិ។

សង្គ្រោះជនរងគ្រោះបានចំនួន ៤៥៦ លើ២៣០នាក់ ក្នុងនោះអាយុក្រោម១៥ឆ្នាំ ១៤១នាក់អាយុ ១៥ ដល់១៧ឆ្នាំ មាន៥៥នាក់ និងអាយុ ១៨ឆ្នាំឡើងទៅ ២៦០នាក់ (ប្រគល់ជូនមន្ទីរសង្គមកិច្ចចំនួន ១៦៥នាក់ និងប្រគល់ឱ្យគ្រួសារវិញចំនួន ២៩១នាក់)។

* ករណីអំពើជួញដូរមនុស្ស សមត្ថកិច្ច បង្ក្រាបបានចំនួន ៣៨ លើ៣៩ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៦១នាក់ (ស្រី៣៨នាក់) អនីតិជនម្នាក់ ជនបរទេស ៦នាក់ និងសង្គ្រោះជនរងគ្រោះបានចំនួន ១៥១នាក់។

* ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ បង្ក្រាបបានចំនួន ១៣១ លើ៩៥ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ១៦៨នាក់ ក្នុងនោះស្ត្រី ៣៤នាក់ អនីតជន ១០នាក់ ជនបរទេស ៣៤នាក់ និងសង្គ្រោះជនរងគ្រោះបានចំនួន ៣០៥នាក់។

ដោយឡែកបើយោងតាមរបាយការណ៍ពីនាយកដ្ឋានអន្តោប្រវេសន៍ បានកសាងសំណុំរឿងបញ្ជូនជនបរទេសដែលពាក់ព័ន្ធ បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទទៅតុលាការ បានចំនួន ១៨លើក ក្នុងមនុស្ស ៦៥នាក់ ស្មើនឹង ៨សញ្ជាតិ ដែលមានជនជាតិចិន ចំនួន ២៩នាក់, អាមេរិក ២នាក់, អូស្ត្រាលី ២នាក់, អង់គ្លេស ២នាក់, អាឡឺម៉ងម្នាក់, ជនជាតិថៃ ចំនួន១៥នាក់, វៀតណាមចំនួន ៣នាក់ និងជនជាតិឥណ្ឌម្នាក់៕