(ស្វាយរៀង)៖ លោក ឃួន រ៉ា និងគ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បានលើកដៃប្រណមលាយជាមួយទឹកភ្នែក ថ្លែងពីការដឹងគុណយ៉ាងជ្រាលជ្រៅ ពេលទទួលបានការយកចិត្តទុក្ខដាក់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានចាត់ឲ្យលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលដឹកនាំដោយលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកថវិកា និងសម្ភារប្រើប្រាស់ រួមទាំងស្បៀងអាហារ ជូនដល់គ្រួសាររបស់លោកឃួន រ៉ា។

លោក ឃួន រ៉ា អាយុ៥០ ឆ្នាំមុខរបរ មន្ត្រីនៅសាលាដំបូងខេត្តស្វាយរៀង បានថ្លែងឲ្យដឹងថា «ត្បិតណាស់ថា ផ្ទះរបស់ខ្ញុំបានឆេះអស់ ជួបនៅទុក្ខលំបាកគ្មានអ្វីផ្ទឹម តែខ្ញុំនៅតែមានទឹកចិត្ត និងក្តីសង្ឃឹមជាថ្មី ពេលទទួលបានការជួយដ៏ធំធេងមិនអាចកាត់ថ្លៃបាន ពីសម្តេចពុក សម្តេចម៉ែ (សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន)»។

លោក និងភរិយាបានថ្លែងថា «យើងខ្ញុំស្រលាញ់ និងគោរព លោកឪពុក អ្នកម្ដាយ ដែលសម្ដេចតែងតែយកចិត្ដទុកដាក់ ដល់កូនចៅទាំងអស់គ្នា មិនថាក្រខ្សត់កំពុងជួបទុក្ខលំបាកនេះទេ លោកតែងតែមេត្ដា ករុណា ដល់ពួកយើងគ្រប់គ្នា ដែលជាថ្នាក់ដឹកនាំគិតគូរ ដល់ប្រជាពលរដ្ឋគ្រប់ពេល ដោយមិនប្រកាន់និន្នាការនយោបាយណាឡើយ គឺលោកជួយទាំងអស់ ពិសេសពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរា គ្មានទីពឹង ក្មេងកំព្រា និងពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្ដរាយនានា គឺឃើញវត្ដមាន អ្នកម្ដាយ លោកឪពុក ចុះមកជួយជានិច្ច។ កូនចៅប្រជាពលរដ្ឋ សូមលើកដៃបន់ស្រន់ដល់ទេវតាក្នុងលោក ជួយប្រសិទ្ធពរ ដល់អ្នកមានគុណ មានសុខភាពរឹងមាំបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីបន្ដដឹកនាំប្រទេសប្រកបដោយសន្ដិភាពរហូតទៅ»។

ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចតេជោ ហ៊ុន សែន។ ជាពិសេស សម្តែងនូវក្តីអាណិតអាសូរ និងសោកស្តាយខ្លាំងបំផុត ចំពោះក្រុមគ្រួសារ ដែលត្រូវអគ្គីភ័យ បានឆាបឆេះបំផ្លាញផ្ទះសម្បែង ក៏ដូចទ្រព្យសម្បត្តិអស់រលីងពីខ្លួន តែទោះបីជាយ៉ាងណា ក៏យើងអាចរក្សាអាយុជីវិតរបស់យើងបាន ដើម្បីបន្តជីវភាព និងខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាព ឲ្យកាន់តែប្រសើរឡើងជាងនេះទៀត។

ជាមួយគ្នានោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិ និងប្រធានគណៈពង្រឹងគណបក្សនៅខេត្ដស្វាយរៀង បានថ្លែងថា «យើងខ្ញុំសូមគោរពថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្ដទុកដាក់ និងផ្ដល់អំណោយជាថវិកា និងសម្ភារភ្លាមៗ ជូនដល់ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ បន្ទាប់ពីខ្ញុំបានធ្វើរបាយការណ៍ជូនសម្ដេច»។

លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងបន្ដថា សម្ដេច តែងតែគិតគូរ អាណិតអាសូរ និងសម្រាលរាល់ទុក្ខលំបាកដល់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសដល់មន្ដ្រីរាជការណាដែលជួបទុក្ខលំបាកដោយគ្រោះមហន្ដរាយធម្មជាតិ ឬអគ្គិភ័យ ជាដើម «ខ្ញុំពិតជាសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត»។

ជាមួយគ្នានោះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏ផ្ដាំផ្ញើដល់គ្រួសាររងគ្រោះខាងលើនេះ ត្រូវយកថវិកាដែលសម្ដេចបានជួយឧបត្ថម្ភនេះ ទៅធ្វើផ្ទះឱ្យឆាប់ ដើម្បីបានជម្រកសម្រាប់ក្រុមគ្រួសារ កូនចៅ ហើយកុំធ្វេសប្រហែសក្នុងប្រការណាមួយដូចករណីខាងលើនេះទៀត ត្រូវប្រុងប្រយ័ត្នជានិច្ច និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែលងាយឆាបឆេះដល់លំនៅឋានរស់នៅរបស់យើង។

សូមជម្រាបថា អគ្គីភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៥៖៤០នាទី នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បានបំផ្លាញផ្ទះធ្វើអំពីឈើ ថ្មខាងក្រោម ដំបូលសង័្កសី ជញ្ជាំងឈើ ទំហំ ៨ម៉ែត្រគុណ១៦ម៉ែត្រ មូលហេតុទុស្សេខ្សែភ្លើង។

សម្រាប់អំណោយ ដែលបានផ្តល់ជូនគ្រួសាររងគ្រោះមាន៖ អង្ករ ២០០គីឡូក្រាម , មី៥កេស, ត្រីខកំប៉ុង៥យួរ (៥០កំប៉ុង), ក្រមា៥, សារុង៥, ក្រណាត់ស៥ដុំ, និងថវិកាមួយចំនួនទៀត។ ក្នុងនោះក៏បាននាំយកថវិកា និងសារុង១ ជូនដល់ប្រជាជន ដែលជាក្រុមជាងសាងសង់ផ្ទះនេះវិញផងដែរ៕