(ពោធិ៍សាត់)៖ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ និង០០នាទីព្រឹក រហូតដល់ម៉ោង ២ និង៣០នាទីរសៀល លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបន្តដោះស្រាយ បញ្ហាប្រឈម ក៏ដូចជាសំណូមពរ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋបានជាង ១០០ករណីផ្សេងៗគ្នា ដែលភាគច្រើនត្រូវបានដោះស្រាយបញ្ចប់ និងមួយចំនួនទៀត ត្រូវបានបន្តដោះស្រាយ នៅពេលក្រោយ។

យន្នការដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ជូនប្រជាពលរដ្ឋនាពេលនេះ ធ្វើឡើងទៅតាមទម្លាប់ ២ថ្ងៃ ក្នុងមួយសប្តាហ៍ គឺរៀងរាល់ថ្ងៃអង្គារ និងថ្ងៃសុក្រ ឬថ្ងៃព្រហស្បត្តិ៍ នៅវេទិកាសាលាខេត្ត ដោយបានការចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មន្ទីរជំនាញ ការិយាល័យចំណុះសាលាខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានថ្លែងឱ្យដឹង ការដោះស្រាយក្រៅប្រព័ន្ធតុលាការ របស់លោក ម៉ៅ ធនិន នានិច្ចជាកាល គឺស្របទៅតាមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់លទ្ធផលឱ្យគ្រប់ភាគីទាំងសង្ខាង ឈ្នះទាំងអស់គ្នា ដោយគ្មានអ្នកចាញ់។

លោកប្រធានការិយាល័យប្រជាពលរដ្ឋ បន្តថា ក្នុងយន្តការដឹកនាំខេត្តបានជាង៦ឆ្នាំមកនេះ លោកអភិបាលខេត្ត បានផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ គ្មានលំអៀង ព្រោះថាបងប្អូនដែលមកពឹងពាក់ និងឱ្យជួយដោះស្រាយនោះ គឺប្រៀបបានដូចជាឱពុក ជាម្តាយ ជាបង ជាប្អូន ក្នុងមហាគ្រួសារតែមួយ ដោយមិនធ្វើឱ្យពួកគាត់មានការថ្នាំងថ្នាក់ មកលើករូបលោកនោះឡើយ។

លោក គឹម ចន្ថា បានបន្ថែមថា សម្រាប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ចាប់តាំងពីម៉ោង ៩ និង០០នាទីព្រឹក រហូតដល់ម៉ោង ២ និង៣០នាទីរសៀល លោក ម៉ៅ ធនិន បានប្រើប្រាស់ និងបំពេញតួនាទី ជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាប្រឈមដែលកើតមាន បានជាង១០០ករណី ដែលភាគច្រើនត្រូវបានដោះស្រាយបញ្ចប់ និងមួយចំនួនទៀតត្រូវបានបន្តដោះស្រាយនៅពេលក្រោយ។

លោក គឹម ចន្ថា បានបន្ថែមទៀតថា ពេលខ្លះប្រជាពលរដ្ឋមកដោះស្រាយនៅសាលាខេត្តហើយមិនទាន់ចប់ លោកនឹងចារលិខិតនោះ ទម្លាក់ទៅអាជ្ញាធរស្រុកក្រុង ធ្វើការដោះស្រាយ។ ក្នុងរយៈពេល៧ថ្ងៃ ប្រសិនបើស្រុកក្រុងនោះដោះស្រាយមិនចេញ ត្រូវធ្វើរបាយការណ៍ឡើងមកខេត្តដើម្បីលោក ម៉ៅ ធនិន ដឹកនាំមន្ទីរពាក់ព័ន្ធ ចុះទៅទីតាំងជម្លោះ ដោះស្រាយជាក់ស្ដែងតែម្ដង។

នៅក្នុងយន្នការដោះប្រកបដោយភាពប៉ិនប្រសព្វ ឈ្លាសវៃមានតម្លាភាព និងយុត្តិធម៌របស់លោក ម៉ៅ ធនិន នាពេលនេះក៏ដូចជាសព្វមួយដងបងប្អូនពុកម៉ែប្រជាពលរដ្ឋ បានអបអរសាទរ និងទទួលស្វាគមន៍វត្តមានដ៏កក់ក្តៅរបស់លោកមកដឹកនាំនៅក្នុងខេត្ត «អ្នកខ្លះក៏ទទួលបានថវិកា កង់ និងស្បៀង សម្រាប់ដោះស្រាយជីវភាពទៅតាមលទ្ធភាពជាក់ស្តែង, អ្នកខ្លះទៀតក៏ទទួលបាន ដំណោះស្រាយសមរម្យ រីកមុខរីកមាត់ស្ទើរគ្រប់ៗគ្នា»៕