(ភ្នំពេញ)៖ បើទោះបីជាកម្ពុជា ជួបប្រទះនូវបញ្ហាជំងឺកូវីដ១៩ ក្តីក៏ការវិនិយោគថ្មីៗ នៅតែមានជាបន្តបន្ទាប់, ជាក់ស្តែងនៅថ្ងៃទី២៦ ខែឧសភានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ទើបបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៤បន្ថែមទៀត ដែលមានទុនវិនិយោគជិត៣០០លានដុល្លារ។
Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន CAM M J AGRICULTURAL CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,២១៦កន្លែង។
២៖ ក្រុមហ៊ុន HOUNEN SOLAR INC CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។
៣៖ ក្រុមហ៊ុន SPHP (CAMBODIA) CO., LTD. គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព៨០MW ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២៣១.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨១កន្លែង។
៤៖ ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដូងប្រេង កៅស៊ូ និងល្ហុងប្រេង) មានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២១.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,០៧០កន្លែង៕